(ភ្នំពេញ)៖ លោក Michael Newbill ភារធារីនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានទទួលស្គាល់ថា ការជួយបោសសម្អាតមីន និងជាពិសេសការបោសសម្អាតគ្រាប់បែកចង្កោម ដែលបានទម្លាក់នៅភាគឦសាន នៃប្រទេសកម្ពុជា គឺជាកាតព្វកិច្ចចាំបាច់របស់សហរដ្ឋអាមេរិក។
ការលើកឡើងរបស់តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានធ្វើឡើង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក ជួបជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។
លោកទេសរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះការគាំទ្រដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ហើយលោកក៏បានបញ្ជាក់ពីទស្សនវិស័យ និងការបេ្តជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការសម្រេចឱ្យបាននៅគោលដៅកម្ពុជាគ្មានគ្រាប់មីន នៅក្នុងឆ្នាំ២០២៥។
ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានរំលឹកឡើងវិញថា ប្រទេសកម្ពុជា បានបញ្ចប់សង្រ្គាមស៊ីវិល និងទទួលបានសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ប៉ុន្តែប្រទេសកម្ពុជាបាននឹងកំពុងប្រឈមនឹងបញ្ហាដ៏ធំនៃគ្រាប់មីន និងគ្រោះថ្នាក់ដោយសារមីន នៅតាមបណ្តាខេត្តភាគខាងជើង តាមបណ្តោយព្រំដែនថៃ និងនៅតំបន់ភាគឦសាន្ត បញ្ហាគ្រាប់បែកចង្កោមដែលបានទម្លាក់ដោយយន្តហោះអាមេរិក ក្នុងអំឡុងពេលសង្គ្រាមឥណ្ឌូចិន ក៏ជាបញ្ហាប្រឈមដ៏ធំសម្បើមផងដែរ។ លោកទេសរដ្ឋមន្រ្តីក៏បានជំរុញឱ្យ សហរដ្ឋអាមេរិកបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន គ្រាប់បែកចង្កោម។
ជាការឆ្លើយតប តំណាងសា្ថនទូតសហរដ្ឋអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិកនឹងនៅតែបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា កាន់តែខ្លាំងថែមទៀត ហើយបានបញ្ជាក់ថា សហរដ្ឋអាមេរិកយល់ឃើញថា ការជួយគាំទ្រនេះគឺជាកាតព្វកិច្ចចាំបាច់របស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជា។
ជាមួយគ្នានោះ តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក៏បានស្វាគមន៍ និងគាំទ្រទស្សនវិស័យនិងការបេ្តជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅកម្ពុជាគ្មានគ្រាប់មីន នៅឆ្នាំ២០២៥ ហើយសហរដ្ឋអាមេរិក នឹងបង្កើនជំនួយគាំទ្រ ដើម្បីចូលរួមចំណែកក្នុងវិស័យសកម្មភាពមីននៅពេលអនាគតផងដែរ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែខិតខំកសាងចំណងមិត្តភាពជិតស្និទ្ធជាមួយគ្រប់ប្រទេសជាមិត្ត ទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក ក៏ដូចជាជាមួយសហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ដោយឈរលើគោលការណ៍ឯករាជ អធិបតេយ្យភាពជាតិ គោរពគ្នាទៅវិញទៅមកនិងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង៕