(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសជូន លោកបណ្ឌិត Suh Gab-Won សាកលវិទ្យាធិការសាកលវិទ្យាល័យ ស៊ីនហាន និងជាអតីតតំណាងរាស្ត្រ នៃប្រទេស កូរ៉េខាងត្បូង នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
ពិធីនេះ រៀបចំធ្វើឡើង ក្រោមអធិបតីភាពលោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
លោកបណ្ឌិត Suh Gab-Won បានលើកឡើងថា លោកពិតជាមានក្តីរំភើបសប្បាយរីករាយណាស់ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិតិ្តយសពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលជាសាកលវិទ្យាល័យមួយ ដែលមានកម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលមានកេរិ៍តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។
ជាមួយគ្នានោះ លោកបណ្ឌិត លី ឆេង បានថ្លែងថា ដោយមើលឃើញពីស្នាដៃយ៉ាងច្រើន និងការលះបង់យ៉ាងធំធេងរបស់លោកបណ្ឌិត Suh Gab-Won ជាពិសេសលើវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស សម្រាប់ប្រជាជនកូរ៉េខាងត្បូង និងកម្ពុជា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសជូនលោកបណ្ឌិត Suh Gab-Won នាថ្ងៃនេះ។
លោកបណ្ឌិត បានបន្ថែមថា នេះជាសក្ខីភាពបង្ហាញថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យវិស័យអប់រំនៅកម្ពុជា មានការរីកចម្រើន និងទទួលស្គាល់ពីគុណភាពអប់រំ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ទូច វិសាលសុខ បានថ្លែងថា «សាកលវិទ្យាល័យដែលល្បី និងល្អ ហើយដែលគេព្រមទទួលសញ្ញាបត្របណ្ឌិតកិត្តិយស និងចុះ MOU ជាមួយនោះ បើយើងមិនមែនស្ថាប័នល្បី មិនល្អក៏គេមិនទទួលពីយើងដែរ»។
លោកបន្ដថា គុណភាពអប់រំស្រុកខ្មែរវិញ គឺបណ្ដាប្រទេសធំៗ និងពិភពលោកគឺទទួលស្គាល់ថា វិស័យអប់រំនៅកម្ពុជាគឺល្អ ជាពិសេសនោះ សិស្សនុសិស្សានៅកម្ពុជា ពេលរៀនចប់នៅស្រុកខ្មែរភ្លាមៗ គឺអាចបន្ដការសិក្សានៅក្រៅប្រទេស នឹងបានចូលរៀនឆ្នាំទី១ភ្លាមៗបានផងដែរ។
ឆ្លៀតឱកាសនោះដែរ រដ្ឋលេខាធិការក្រសួងអប់រំ ក៏បានលើកឡើងថា អាទិភាពទាំង៤របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អាណត្តិទី៦នេះ រួមមាន ៖ មនុស្ស, ទឹក, ផ្លូវ, ភ្លើង។
លោកថា បញ្ហាទាំងនេះហើយ បានធ្វើប្រទេសកម្ពុជាមានសុខសន្ដិភាព និងស្ថេរភាពយោបាយ បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនដូចសព្វថ្ងៃនេះ ហើយបានឲ្យកូនខ្មែរមានឱកាសសិក្សារៀនសូត្របានច្រើន ជាពិសេសនោះ មានឱកាសបន្ដសិក្សានៅក្រៅប្រទេសផងដែរ៕