(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រៀបចំសន្និបាតបូកសរុបវាយតម្លៃ សភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅក្រសួងមហាផ្ទៃ ឆ្នាំ២០១៩។
សន្និបាតនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន ស្នងការរាជធានី-ខេត្ត ព្រមទាំងថ្នាក់ដឹកនាំនគរបាលពាក់ព័ន្ធផងដែរ។ ពិធីនេះប្រព្រឹត្តិទៅ នៅទីស្ដីការក្រសួងមហាផ្ទៃ។
របាយការណ៍ប្រចាំឆ្នាំ ដែលបង្ហាញក្នុងសន្និបាតនេះ បានឲ្យដឹងថា ឆ្នាំ២០១៨ បើទោះបីជាបទល្មើសជារួម មានកំណើន ៥% ដែលក្នុងនោះបទឧក្រិដ្ឋកើន១% ប៉ុន្តែបទល្មើសលួចមានស្ថានទម្ងន់ និងអំពើឃាតកម្ម ដែលជាប្រភេទបទល្មើសមានចរឹតគំរាមកំហែង ដល់អារម្មណ៍របស់ប្រជាពលរដ្ឋនៅតែបន្តថយចុះ ស្របពេលដែលគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៧%។
ការប្រែប្រួលមុខមាត់ថ្មី សម្រាប់កងកម្លាំងនគរបាលជាតិនោះ គឺការជំរុញឲ្យដំណើរការនូវរបត់ការងារថ្មី តាមគម្រោង «ការងារនគរបាល និងសហគមន៍» ដែលតាមរយៈនេះ បានធ្វើឲ្យនគរបាលនៅតាមឃុំ-សង្កាត់ជាបណ្តើរៗក្លាយជាដៃគូ ជាមួយសហគមន៍ និងទទួលបានការគាំទ្រ ការជឿទុកចិត្ត និងចូលរួមសហការពីមជ្ឈដ្ឋានប្រជាពលរដ្ឋ។
ទន្ទឹមគ្នានេះដែរ ក៏នៅមានចំណុចខ្សោយ និងភាពអសកម្មមួយចំនួនបានកើតឡើងខ្លះៗ បណ្តាលមកពីទង្វើរបស់បុគ្គល ឬការខ្វះខាតអំពីលទ្ធភាព និងសមត្ថភាព ដែលមានលក្ខណៈជាអត្តនោម័តផង និងសត្យានុម័តផង។ ប៉ុន្តែទោះជាយ៉ាងណាក៏ បញ្ហាទាំងនោះត្រូវបានកែលម្អ ដោះស្រាយជាបន្តបន្ទាប់ តាមរយៈការពង្រឹងវិធានការគ្រប់គ្រងកម្លាំង ការពង្រឹងវិន័យ សីលធម៌ រួមទាំងការគាំទ្រ មធ្យោយ សម្ភារ និងការបណ្តុះបណ្ដាល។
យ៉ាងណាក៏ដោយ រយៈពេល០១ឆ្នាំកន្លងទៅ កងកម្លាំងនគរបាលជាតិនៅគ្រប់ផ្នែក គ្រប់ថ្នាក់នៅទូទាំងប្រទេស បានលះបង់គ្រប់បែបយ៉ាងធ្វើការតស៊ូជម្នះ គ្រប់ឧបសគ្គបានបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវស្នាដៃធំៗជាច្រើន ដោយបានធ្វើឲ្យបរិយាកាសសង្គមទាំងមូល មានភាពល្អប្រសើរ រក្សាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសការធានាបានទាំងស្រុង នូវសុវត្ថិភាពក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងព្រឹទ្ធសភាអាណត្តិទី៤ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ក៏ដូចជាព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ជាច្រើនទៀតផងដែរ៕