Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្ក្រាបបនល្បែង២ទីតាំង ឃាត់ខ្លួន៦នាក់ ដកហូតទូរហ្គេមបាញ់ត្រី៣គ្រឿង នៅខណ្ឌឬស្សីកែវ

20-02-2019 18:00

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានចុះបង្ក្រាបបនល្បែង២ទីតាំង ដោយឃាត់ខ្លួនអ្នកមើលការខុសត្រូវ និងអ្នកលេងប្រុស-ស្រី ចំនួន៦នាក់ ដកហូតទូរហ្គេមបាញ់ត្រី៣គ្រឿង។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាពីលោក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ។

ក្រោយទទួលបានព័ត៌មានពីពលរដ្ឋ នៅរសៀលថ្ងៃនេះ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានចាត់ឲ្យលោកវរសេនីយ៍ទោ អ៊ីវ ឈុនផេង ដឹកនាំកម្លាំងនគរបាល ចុះទៅលបឆ្មក់បង្ក្រាបទីតាំងបនល្បែង២កន្លែង ដកហូតទូរហ្គេមបាញ់ត្រី៣គ្រឿង ឃាត់ខ្លួនអ្នកមើលការខុសត្រូវ និងអ្នកលេងចំនួន៦នាក់ ក្នុងនោះមានស្រីម្នាក់។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅគោលដៅទី១ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្បែរផ្លូវទំនប់លេខ៧០ និងគោលដៅទី២ ស្ថិតនៅចំណុចផ្ទះលេខ១៣៣ ផ្លូវបេតុង ក្រុម១ ក្នុងភូមិបាក់ទូក ស្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

លោក គល់ យី បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការលបឆ្មក់បង្ក្រាបបនល្បែង ជាប្រភេទហ្គេមបាញ់ត្រី ចំនួន២ទីតាំងនេះ បានធ្វើឡើង ក្រោមការស៊ើបអង្កេតទៅតាមសេចក្ដីរាយការណ៍ របស់ប្រជាពលរដ្ឋ និងអនុវត្តតាមខ្លឹមសារនានា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក ជា ពិសី និងស្មារតីដឹកនាំចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចសហការអនុញាត្តសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោកអធិការខណ្ឌថា ក្រោយពីបញ្ចប់ការស្រាវជ្រាវភ្លាមៗ ក្នុងការកំណត់បាននូវទីតាំង និងពេលវេលាប្រព្រឹត្តបទល្មើស កម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្ដិ៍ បានពួនស្ទាក់ឡោមព័ទ្ធ បង្ក្រាបតែម្ដង ក្នុងនោះឃាត់ខ្លួនអ្នកមើលការខុសត្រូវ និងអ្នកលេង ចំនួន៦នាក់ (មានក្មេងស្រីម្នាក់) និងដកហូតទូរហ្គេមបាញ់ត្រី ចំនួន៣គ្រឿង។

អធិការខណ្ឌឫស្សីកែវដដែលរូបនេះ បានឲ្យដឹងផងដែរថា ក្រោយបង្ក្រាបបនល្បែង និងឃាត់ខ្លួនអ្នកមើលការខុសត្រូវ និងអ្នកលេងទាំង៦នាក់ និងវត្ថុតាងទូរហ្គេមបាញ់ត្រី៣គ្រឿង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌ ដើម្បីបន្តនិតិវិធី៕