Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានរដ្ឋវៀតណាមថ្មី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ នៅសប្ដាហ៍ក្រោយនេះ (Video Inside)

20-02-2019 17:35

(ភ្នំពេញ)៖ លោក ​ង្វៀង ហ៊្វូជុង (Nguyen Phu Trong)​​ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ នឹង​​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​នៅ​​​កម្ពុជា​ រយៈពេល២ថ្ងៃ ចាប់ពី​​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកប្រធានរដ្ឋវៀតណាម នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។

ក្រៅពីនោះ លោកក៏នឹងចូលថ្វាយបង្គំ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្រសួងការបរទេស បានបញ្ជាក់ទៀតថា លោក ង្វៀន ហ្វ៊ូជុង នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកប្រធានរដ្ឋ ក៏នឹងអញ្ជើញចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន ជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួនផងដែរ។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នាយករ​ដ្ឋា​ន​អង្គរក្ស​ បានបើកកិច្ចប្រជុំ​ផែនការ​ ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ជូនគណៈប្រតិភូ​ជាន់ខ្ពស់​ដឹកនាំដោយ ​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ កិច្ចប្រជុំនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយករ​ដ្ឋា​ន​អង្គរក្ស​ និងមានការចូលរួមពីថ្នាក់ដឹកនាំនគរបាលដែលពាក់ព័ន្ធជាច្រើនរូបទៀត។

សូមជម្រាបថា លោក Nguyễn Phú Trọng​ បុគ្គលទី១ ដែលមានអំណាចលើសគេនៅប្រទេសវៀតណាម បានឡើងកាន់តំណែងជាប្រធានរដ្ឋវៀតណាម កាលពីខែតុលា ឆ្នាំ២០១៨ បន្ទាប់ពី អតីតរដ្ឋ​វៀតណាម លោក ត្រាន ដៃក្វាង (Tran Dai Quang) បានទទួល​មរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨​​ នៅអាយុ​៦១ឆ្នាំ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖