(បាត់ដំបង)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បង្ក្រាបករណីគ្រឿងញៀនមួយសំបុក ឃាត់ខ្លួនជនសង្ស័យ៩នាក់ជាបន្ដបន្ទាប់ តាំងពីថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
របាយការណ៍អាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ជំហ៊ានដំបូងនៅថ្ងៃទី១៨ ខែកុម្ភៈ កម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យ៧នាក់ ទី១៖ឈ្មោះ អន បញ្ញា អាយុ២៣ឆ្នាំ, ទី២៖ឈ្មោះ រី ស៊ីណេត ភេទស្រី អាយុ១៩ឆ្នាំ, ទី៣៖ឈ្មោះ ឃុន ប៊ុនរ៉ុង អាយុ១៧ឆ្នាំ, ទី៤៖ឈ្មោះ យ៉ែម បូធិន អាយុ២០ឆ្នាំ, ទី៥៖ឈ្មោះ ព្រំ សុផាតតាណា អាយុ១៦ឆ្នាំ, ទី៦៖ឈ្មោះ គង់ សំណាង អាយុ១៧ឆ្នាំ និងទី៧៖ឈ្មោះ តាក់ ចន្ថា អាយុ១៨ឆ្នាំ។
ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថដកហូតបាន សារធាតុញៀនប្រភេទគ្រាប់ (WY) ពណ៌ផ្កាឈូក ចំនួន៤០គ្រាប់, សារធាតុញៀនប្រភេទម្ស៉ៅ ក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០១កញ្ចប់, កាបិតសាំម៉ូរ៉ៃ ចំនួន០៣ដើម, ម៉ូតូ០២គ្រឿង, ទូរស័ព្ទ០៣គ្រឿង និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន។
រហូតដល់វេលាម៉ោង០២៖០០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងជំនាញ បានចុះដល់ចំណុចក្រុមទី០៧ ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បន្តធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ដែលជាមេក្លោងជួញដូរគ្រឿងញៀន បានចំនួន០២នាក់ទៀត ទី១៖ឈ្មោះ សំ ចន្ធា អាយុ២៦ឆ្នាំ និងទី២៖ឈ្មោះ និត គន្ធា ភេទស្រី អាយុ២៤ឆ្នាំ។ វត្ថុតាងដកហូតរួមមាន សារធាតុញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០៥កញ្ចប់, ម៉ូតូ០១គ្រឿង និងទូរស័ព្ទ០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕