(ព្រះសីហនុ)៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤កន្លែង នៅឆ្នេរឯករាជ្យ ឆ្នេរសុខា អូរស្អាត និងឆ្នេរអូរឈើទាល ព្រមទាំងការងាររៀបចំប្រព័ន្ធលូបេតុង និងទុយោជ័រស្វិត HDPE ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រហូតមកដល់ពេលនេះសាងសង់សម្រេចបាន៨០%ហើយ ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលខែមីនាខាងមុខនេះ។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ស្ថានីយចម្រោះទឹកកខ្វក់ទី១ និងទី២ នឹងបញ្ចប់ការសាង់នៅដំណាច់ខែកុម្ភៈនេះ ចំណែកឯស្ថានីយចម្រោះទឹកកខ្វក់ទី៣ និងទី៤ នឹងបញ្ចប់នាពាក់កណ្តាល ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។
សូមរំលឹកថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤កន្លែង សាងសង់ឡើងនៅតាមឆ្នេរក្នុងខេត្តព្រះសីហនុ ដើម្បីបញ្ចៀសការបង្ហូរទឹកកខ្វក់ទៅក្នុងសមុទ្រ។ អាងចម្រោះទឹកកខ្វក់នេះ បានចាប់ផ្ដើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។ ជាមួយការសម្រេចសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ម្ចាស់សណ្ឋាគារ និងសំណង់ខ្នាតធំ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរួមចំណែកជាថវិកាសរុបចំនួន ៣,១០០,០០០ដុល្លារសហរដ្ឋអាមេរិក។
ការសម្រេចសាងសង់បានធ្វើឡើងក្នុងជំនួបដោះស្រាយបញ្ហាទឹកកខ្វក់ ក្នុងខេត្តព្រះសីហនុ រវាងឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ជាមួយតំណាងតំណាងក្រុមហ៊ុន និងម្ចាស់សណ្ឋាគារធំៗ ក្នុងខេត្តព្រះសីហនុ។
ជាការកត់សម្គាល់ការសម្រេចសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅតំបន់ឆ្នេរនាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានធ្វើឡើងក្រោយផ្ទុះការប្រតិកម្ម ជាបន្ដបន្ទាប់ពីមហាជនជុំវិញការបង្ហូរទឹកកខ្វក់ចេញពីសណ្ឋាគារ អាហារដ្ឋាន តាមកន្លែងកម្សាន្ដផ្សេងៗ និងលំនៅឋានរបស់ប្រជាពលរដ្ឋជាដើមចូលទៅក្នុងសមុទ្រ៕