(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានចិន្រ្តៃយ៍ នៃអនុគណៈកម្មការទី២ (គ.ស.ច.គ) តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធាននៃអនុគណៈកម្មការទី២ (គ.ស.ច.គ) បានជំរុញគ្រប់ស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវបន្តចុះអប់រំប្រជាពលរដ្ឋបន្ថែមទៀត ទាក់ទងនឹងច្បាប់ចរាចរណ៍ខណៈបញ្ហាចរាចរណ៍នេះ នៅតែជាការព្រួយបារម្ភខ្លាំង ចំពោះរាជរដ្ឋាភិបាលដោយសារតែអត្រាគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតភាគច្រើន គឺមិនគោរពច្បាប់បើកបរ។
ការជំរុញរបស់នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់អនុគណៈកម្មការទី២ (គ.ស.ច.គ) ប្រចាំខែមករា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីកិច្ចប្រជុំនោះ អគ្គស្នងការរងនគរបាលជាតិរូបនេះ បានលើកឡើងថា សព្វថ្ងៃនេះបញ្ហាចរាចរណ៍នៅតែជាករណីមួយ ដែលធ្វើឲ្យរាជរដ្ឋាភិបាលព្រួយបារម្ភខ្លាំងដោយសារតែអត្រាគ្រោះថ្នាក់វាស្ថិតនៅខ្ពស់ដដែល ដោយសារតែការបើកបរមិនបានគោរពច្បាប់ និងមិនអនុគ្រោះគ្នាជាដើម។
យោងតាមរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣,២៦៧ករណី លើ៣,៥៣១លើក ថយចុះ២៦៤លើក ស្មើនឹង៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ចំណែកអ្នកស្លាប់មានចំនួន១,៧៦១នាក់ លើ១,៧៨០នាក់ ថយចុះ១៩នាក់ ស្មើនឹង១ភាគរយ ខណៈចំនួនអ្នករងរបួសមានចំនួន៤,៧៧០នាក់ លើ៥,៥៣៩នាក់ ថយចុះ៧៦៩នាក់ ស្មើនឹង១៤ភាគរយ។ តាមរយៈតួលេខនេះ ជាមធ្យមក្នុង១ថ្ងៃ មនុស្សប្រហែល៥នាក់ បានស្លាប់ និង១៣នាក់ បានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។
បើតាមរបាយការណ៍បានបន្ថែមថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺមកពីបើកបរល្មើសល្បឿនកំណត់៣៧ភាគរយ, ការមិនគោរពសិទ្ធិ១៩ភាគរយ, ការមិនប្រកាន់ស្តាំ១៣ភាគរយ, ការវ៉ាជែង១១ភាគរយ, ការបត់១០ភាគរយ, ស្រវឹង៥ភាគរយ, កត្តាយានយន្ត៣,៥ភាគរយ និងងងុយដេក ២ភាគរយ។
យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែគោរពនូវច្បាប់ចរាចរណ៍នេះបន្ថែមទៀត ដើម្បីអាយុជីវិតខ្លួន និងក្រុមគ្រួសារផង និងអាយុជីវិតរបស់អ្នកដទៃផង៕