(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ បានចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាពុទ្ធាភិសេក ឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តមុនីពោធិញ្ញាណ ហៅវត្តព្រែកកំពុងស្ដេច។
កម្មវិធីនេះ ក៏មានការចូលរួមពីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេភូមិគណកម្មការអាចារ្យវត្ត បងប្អូនពុទ្ធបរិស័ទសប្បុរសជននានា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង៤០០០នាក់ ដែលមកពី៥ ភូមិ ក្នុងឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក ទូច សុខា អភិបាលស្រុកសន្ទុក បានឡើងធ្វើរបាយការណ៍ថា ដោយមានការគាំទ្រពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមមកកសាងបន្តបន្ទាប់ នៅក្នុងវត្តមុនីពោធិញ្ញាណសមិទ្ធផល ដែលត្រូវសម្ពោធក្នុងពេលនេះ មានដូចជា ព្រះវិហារថ្មីដងទង់ របងវត្តក្លោងទ្វារ ស្រះទឹកធ្វើផ្លូវបេតុង ជួសជុលសាឡុងចាស់ រៀបចំបណ្ដាញភ្លើង លូបង្ហូរទឹក តបណ្ដាញទឹកបន្ទប់ទឹក និងដាំកូនឈើជាច្រើនផងដែរ។
លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានថ្លែងថា ការកសាងសមិទ្ធផលទាំងអស់នេះ មានរយៈពេលជាងបីឆ្នាំ ដោយមានការចូលរួមពីសប្បុរសជនពុទ្ធបរិស័ទចំណុះជើងវត្ត និងព្រះចៅអធិការវត្ត សហការគ្នាដើម្បីរៀបចំកសាងវត្តនេះឡើង។ លោកស្រីថា ដើម្បីឲ្យពុទ្ធសាសនា មានការរីកចម្រើនលុះត្រាយើងទាំងអស់គ្នា ជាអាចារ្យគណកម្មការចំណុះជើងវត្ត ទាំងអស់ខិតខំជួយឧបត្ថម្ភគាំទ្រ និងជួយផ្សព្វផ្សាយពីពុទ្ធសាសនា ដើម្បីឲ្យវិស័យពុទ្ធសាសនា មិនមានការបាត់បង់។
លោក សុខ លូ បានលើកឡើងថា ប្រទេសជាតិមានការរីកចម្រើន លុះត្រាតែប្រទេសាតិមានសុខសន្តិភាព កាលណាមានសន្តិភាពទើបមានការអភិវឌ្ឍ។ ប្រជាពលទាំងអស់ ត្រូវចូលរួមអនុត្តន៍នូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព សូមឱ្យប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន និងល្បែងស៉ីសងគ្រប់ប្រភេទ ខិតខំអនុវត្តន៍ដំណាំកសិកម្ម ពិសេសនៅតាមមូលដ្ឋានរបស់បងប្អូន។ សូមឲ្យយកចិត្តទុកដាក់ ទៅលើសុខភាព និងអនាម័យ ពិសេសផឹកស្អាតហូបស្អាត និងរស់នៅស្អាត។
លោកបានបន្តទៀតថា សមិទ្ធផលទាំងប៉ុន្មាននៅក្នុងវត្តមន្នីពោធិញ្ញាណ ហៅវត្តព្រែកកំពុងស្ដេចនេះ គឺជាការចូលរួមរបស់សប្បុរសជន មន្ត្រីរាជការ ពុទ្ធបរិស័ទចំណុះជើងវត្ត សូមឲ្យជួយនិងខិតខំ ថែរក្សាឲ្យបានគង់វង្ស ព្រោះសាសនាព្រះពុទ្ធ គឺជាសហសាសនារបស់រដ្ឋ៕