(សៀមរាប)៖ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំកិច្ចពិភាក្សាស្តីពី «ការគ្រោងផែនការយុទ្ធសាស្រ្តថវិកាជាតិ សម្រាប់ឆ្នាំ២០២០-២០២២ និងនីតីវិធីរៀបចំឯកសារចំណាយថវិកាឆ្នាំ២០១៩» ក្រោមអធិបតីភាព លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការ តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពី លោកស្រី ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន អគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញក្រសួងបរិស្ថានជាច្រើននាក់។
លោកស្រី ងិន លីណា បានឱ្យដឹងថា វេទិកាពិភាក្សា មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីបង្ហាញពីរបាយការណ៍សង្ខេប ពីសមិទ្ធផល២០១៨ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ រួមទាំងបញ្ហាប្រឈម ដើម្បីប្រសិទ្ធភាពការងារអប់រំ ព័ត៌មានភូមិសាស្រ្តបរិស្ថាន ជំរុញមេត្រីភាពបរិស្ថាន និងការផ្សព្វផ្សាយព័ត៌មានបរិស្ថាន ឱ្យបានទូលំទូលាយ រួមទាំងការអនុវត្តនីតិវិធីប្រើប្រាស់ថវិកា ឱ្យមានស្តង់សុគតភាព ក្នុងសកម្មភាពនៃការអនុវត្តផែនការឆ្នាំ២០១៩ និងការអនុវត្តសកម្មភាពអប់រំ និងផ្សព្វផ្សាយបរិស្ថាន ឆ្នាំ២០២០-២០២២។ លោកស្រី បានឱ្យដឹងដែរថា យុទ្ធសាស្រ្តសម្រាប់ការងារអប់រំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន បានផ្តោតលើសសរស្តម្ភចំនួន៥រួមមាន៖ ការអភិវឌ្ឍធនធានមនុស្សនិងបរិស្ថាន ការពង្រឹងកម្មវិធីអប់រំបរិស្ថាន ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានបរិស្ថាន ការគ្រប់គ្រង ស្រាវជ្រាវបច្ចេកវិទ្យាបរិស្ថានផងដែរ។
លោកអគ្គនាយក បានបញ្ជាក់បន្ថែមថា ដើម្បីសម្រេចបាននូវសកម្មភាពខាងលើ អគ្គនាយកដ្ឋានបានខិតខំអនុវត្តន៍សម្មភាព លើកកម្ពស់ការយល់ដឹងលើវិ័យបរិស្ថាន ដល់មហាជនឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់។
នាឱកាសនេះ លោក នេត្រ ភក្រ្តា បានលើកឡើងថា ស្ថិតក្នុងក្របខណ្ឌយុទ្ធសាស្រ្តរបស់ខ្លួន ឆ្នាំ២០១៨-២០២៣ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រសួងបរិស្ថានបានកំណត់ចក្ខុវិស័យរបស់ខ្លួនថា នៅឆ្នាំ២០២៣ គុណភាពនិងនិរន្តរភាពបរិស្ថាន ត្រូវបានធានា ហើយកេរ្តិ៍តំណែលធនធានធម្មជាតិកម្ពុជា ត្រូវបានការពារ និងអភិរក្សសម្រាប់ជាប្រយោជន៍ ដល់ប្រជាជនកម្ពុជាគ្រប់រូប និងច្រើនជំនាន់តទៅមុខទៀត។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន ក៏បានកំណត់បេសកកម្មសំខាន់ៗ គឺដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែង របស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូចនេះ ទាមទារនូវការផ្សព្វផ្សាយ ឱ្យបានច្រើន និងបង្កើនការចូលរួមក្នុងការលើកម្ពស់វិស័យបរិស្ថាន ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។
លើសពីនេះ លោកបានលើកទឹកចិត្តដឹកនាំអគ្គនាយកដ្ឋាន មន្រ្តីជំនាញយកចិត្តទុកដាក់ខ្ពស់ អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត និងក្នុងកិច្ចពិភាក្សាថ្ងៃនេះ អ្នកចូលរួមត្រូវចែករំលែករាល់មេរៀន បទពិសោធន៍ គន្លឹះបច្ចេកទេសនានា ទៅដល់មន្រ្តីដទៃទៀត ដើម្បីជាទុនសម្រាប់ការអនុវត្តការងារជាក់ស្តែង ឱ្យមានប្រសិទ្ធភាព ដើម្បីអាចសម្រេចគោលដៅរួមខាងលើបានល្អប្រសើរ។
លោក នេត្រ ភក្រ្តា បានបញ្ជាក់ដែរថា គុណតម្លៃមន្ត្រី ត្រូវមាន៥ចំនុច៖
* ទី១៖ សុចរិតភាព សំដៅលើការអនុវត្តការងារប្រកប ដោយការបើកចំហ ភាពស្មោះត្រង់ និងការគោរពចំពោះបុគ្គលគ្រប់រូប និងស្ថាប័នពាក់ព័ន្ធ។
* ទី២៖ ឧត្តមភាព សំដៅលើការប្រើប្រាស់ចំណេះដឹង ការយល់ដឹង និងគំនិតច្នៃប្រឌិតឱ្យអស់ពីលទ្ធភាព។
* ទី៣៖ ការលើកទឹកចិត្តអ្នកពាក់ព័ន្ធនិងឆ្លើយតបទៅនឹងគំនិត និងទស្សនៈផ្សេងៗគ្នាដោយត្រូវបង្កើន ទំនាក់ទំនងកិច្ចពិគ្រោះយោបល់ និងកិច្ចសន្ទនាបែបស្ថាបនា។
* ទី៤៖ គណនេយ្យភាព សំដោះលើការទទួលខុសត្រូវ ចំពោះការគ្រប់គ្រងធនធានយ៉ាងមានប្រសិទ្ធភាព ប្រកបដោយភាពប្រុងប្រយ័ត្ន និងភាពឈ្លាសវៃ និងមានគណនេយ្យភាពចំពោះគ្រប់សកម្មភាពទាំងអស់ និង*ទី៥ តម្លាភាពដោយមានការបើកចំហ ដំណើរការការងារទំនាក់ទំនង និងការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីបង្ហាញនូវគោលបំណង និងវិធីសាស្ត្រដល់អ្នកពាក់ព័ន្ធនានា៕