Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តបាត់ដំបង និងខេត្តជុងសានប៊ុក ប្រទេសកូរ៉េ ចាប់ផ្តើមទំនាក់ទំនងគ្នា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម

20-02-2019 14:51

(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអនុញ្ញាតឲ្យគណៈប្រតិភូក្រុងជង់ស៊ុងហ្គាន់ ខេត្តជុងសានប៊ុក នៃសាធារណៈរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំសាលាខេត្ត។

លោក ងួន រតនៈ បានស្វាគមន៍ដល់ប្រធានប្រតិភូកូរ៉េ ដឹកនាំដោយលោក យន់ ឃ្យុងហេ អភិបាលក្រុង ជង់សុងហ្គាន់ ដោយបានបញ្ជាក់ពីសក្តានុពល របស់ខេត្តបាត់ដំបង តាំងពីកាលកន្លងមករហូតដល់បច្ចុប្បន្ន។

លោក យន់ ឃ្យុងហេ បានថ្លែងអំណរគុណចំពោះរដ្ឋបាលបាត់ដំបង ដែលបានទទួលយ៉ាងកក់ក្តៅ ជាមួយគ្នានោះ តំណាងឲ្យគណៈប្រតិភូ ក្រុងជង់សុងហ្គាន់ បានជម្រាបជូនអង្គប្រជុំអំពីគោលបំណង នៃដំណើរទស្សនកិច្ច និងការពិភាក្សាការងារ របស់គណៈប្រតិភូនាពេលនេះ។

ឆ្លងតាមកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃភាគីទាំង២ ស្របតាមគោលការណ៍ច្បាប់ នៃប្រទេសទាំង២ រវាងរដ្ឋបាលខេត្តបាត់ដំបង និងក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុក ដោយបានឯកភាពគ្នាជាគោលការណ៍រួម ដែលមានខ្លឹមសារសំខាន់ៗដូចជា៖

១៖ ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យកសិកម្ម ពាណិជ្ជកម្ម។

២៖ ផ្តល់ការគំទ្រនិងបង្កលក្ខណៈងាយស្រួល ដល់ក្រុងជង់សុងហ្គាន់ខេត្តជុងសាប៊ុក ក្នុងការជំរុញអ្នកវិនិយោគលើវិស័យកសិកម្ម តាមរយៈវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដោយបានជ្រើសរើសយកតំបន់ភូមិសាស្រ្ត រដ្ឋបាលស្រុកថ្មគោល ខេត្តបាត់ដំបង ជាស្រុកគោលដៅអនុវត្ត។

៣៖ ផ្លាស់ប្តូរទស្សកិច្ចនិងការចូលរួម របស់គណៈប្រតិភូជាន់ខ្ពស់នៃភាគីទាំង២ ក្នុងព្រឹត្តការណ៍ពិព័ណពាណិជ្ជកម្ម កសិកម្ម និងព្រឹត្តការណ៍ផ្សេងៗទៀត។

៤៖ ភាគីទាំង២បានព្រមព្រៀងឯកភាពគ្នា ចងសម្ព័ន្ធមេត្រីភាពក្នុងពេលខាងមុខ និងរាយការណ៍ជូនរាជរដ្ឋាភិបាល និងរដ្ឋាភិបាល នៃប្រទេសទាំង២ ដើម្បីទទួលការអនុញ្ញាតជាគោលការណ៍ ឲ្យរដ្ឋបាលខេត្តបាត់ដំប និងក្រុងជង់សុងហ្គាន់ ឈានដល់ចុះហត្ថលេខា លើកំណត់ហេតុជាជំហានដំបូង​ និងចុះហត្ថលេខាលើអនុសាធារណៈ ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕