(កំពត-ភ្នំពេញ)៖ កម្លាំងនគរបាលខេត្តកំពត សហការគ្នាជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, នគរបាលខេត្តត្បូងឃ្មុំ, នគរបាលខេត្តស្វាយរៀង និងនគរបាលខេត្តក្រចេះ បានបើកប្រតិបត្តិការបង្ក្រាបដោយជោគជ័យ នូវមុខសញ្ញាលួចរថយន្ដចំនួន៣នាក់ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មនៅតាមបណ្ដាខេត្តនានា។
ក្រោយការបង្ក្រាបក្រុមចោរទាំងនេះ ក៏ត្រូវបានតុលាការខេត្តកំពត សម្រេចចេញដីកាឃុំខ្លួនក្រុមចោរទាំងនេះ ដាក់ពន្ធនាគារផងដែរ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស សមគំនិតលួច និងទទួលផលចោរកម្ម។
មន្រ្តីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ដើម្បីឈានដល់បង្ក្រាបករណីនេះទទួលបានជោគជ័យ មានការបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាតាមបណ្តាខេត្ត។
ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្នុងនោះកម្លាំងសមត្ថកិច្ចទទួលបានលទ្ធផលដូចខាងក្រោម
*កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុំ ហ៊ីន អាយុ១៨ឆ្នាំ កំណើតភូមិយស់ ឃុំប្ញស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ននៅភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដោយរឹបអូសរថយន្តហាយឡែនឌ័រ១គ្រឿង។
*កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ា ឌីឡា អាយុ២៥ឆ្នាំ នៅភូមិគគី ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយដកហូតបានរថយន្ត RX300 ពណ៌ស ១គ្រឿង។
*កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជុំ លីមសុង ហៅហ្គោ អាយុ៣១ឆ្នាំ កំណើតភូមិអូរលាវ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្ននៅភូមិផ្សារចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមចម្លើយសារភាពរបស់ជននេះសមត្ថកិច្ច រឹបអូសបានរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ១គ្រឿង។
សម្រាប់រថយន្តទាំងនេះ ត្រូវបាននគរបាលប្រគល់ជូនម្ចាស់វិញ មានទីលំនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ៕