(កណ្តាល)៖ ថ្លែងនៅចំពោះមុខកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅកម្មករ កម្មការិនីថា ដរាបណានៅទទួលបានប្រាក់ឈ្នួល និងមានការងារធ្វើកុំឲ្យខ្វល់ពីនរណានិយាយអ្វីទាំងអស់។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា បច្ចុប្បន្នមានមនុស្សធ្វើសេចក្តីថ្លែងការណ៍ ជាសង្គ្រាមចិត្តសាស្ត្រយ៉ាងច្រើន តែសម្តេចសប្បាយរីករាយ ដែលកម្មករ កម្មការិនី ប្រជាពលរដ្ឋមិនមាននរណាតក់ស្លុត តាមរយៈការបំផុសបំផុលទាំងអស់នោះ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ក្មួយៗចាំមើលទៅ ពូបានបញ្ជាក់ថ្ងៃមុនហើយ ដរាបណាក្មួយៗ នៅតែបន្តមានការងារធ្វើ និងប្រាក់ចំណូល ក្មួយៗកុំខ្វល់ថា នរណានិយាយពីអី ? ប្រជាពលរដ្ឋរបស់យើងនៅតែបង្កបង្កើនផលបាន ប្រជាពលរដ្ឋនៅតែមានប្រាក់ចំណូល កុំខ្វល់ថានរណានិយាយពីអី? ព្រោះការឃោសានអកុសលវាមានច្រើនពេកហើយ ក៏ប៉ុន្តែពូមានការលើកទឹកចិត្តណាស់ មិនឃើញប្រជាពលរដ្ឋរបស់យើងតក់ស្លត់ ជាមួយនឹងអ្វីដែលជាការបំផុសសង្គ្រាមចិត្តសាស្ត្រនោះទេ»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះកម្មករ កម្មការិនី ដែលបានផ្តល់នូវក្តីគោរពស្រឡាញ់ចំពោះសម្តេច និងគាំទ្របោះឆ្នោតជូនសម្តេច ដើម្បីមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ និងមានឱកាសជួយកម្មករ កម្មការិនី ឲ្យទទួលបានផលប្រយោជន៍ និងល័ក្ខខ័ណ្ឌការងារកាន់តែល្អប្រសើរ។
សម្តេចតេជោ បានថ្លែងផងដែរថា សម្តេចពិតជាសប្បាយរីករាយចំពោះស្ថានភាពក្នុងវិស័យការងារនាពេលបច្ចុប្បន្ន ដែលបានវិវត្តន៍តាំងពីប្រាក់ឈ្នួលត្រឹមជាង៤០ដុល្លារ កាលពីអំឡុងឆ្នាំ១៩៩៧ មកដល់ប្រមាណ ១៨២ដុល្លារនៅឆ្នាំ២០១៩នេះ។
ក្នុងជំនួបសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន ក៏បន្តក្រើនរំលឹកឲ្យយកចិត្តទុកដាក់លើសុខទុក្ខរបស់កម្មករ កម្មការិនីនៅតាមរោងចក្រ ដោយសាងសង់កន្លែងហូបអាហារឲ្យបានត្រឹមត្រូវ និងគិលានដ្ឋានជាដើម។ ជាមួយគ្នានោះថៅកែ និងកម្មករ កម្មការិនីត្រូវចេះពិភាក្សាដោះស្រាយគ្នាលើបញ្ហាមួយចំនួន។ សម្តេចតេជោ បានរំលឹកថៅកែរោងចក្រថា វិធានការបញ្ឈប់កម្មករ កម្មការិនីពីការងារមិនមែនជាដំណោះស្រាយ គួរធ្វើនោះឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកថា គ្មានសុខសន្តិភាព មិនអាចមានវត្តមានរោងចក្រ សហគ្រាសនៅកម្ពុជាបាននោះឡើយ ដូច្នេះអំពាវនាវដល់កម្មករ កម្មការិនី និងបងប្អូនជនរួមជាតិ ត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស៕