(រតនគិរី)៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក គិត ទ្រី អភិបាលរងខេត្តរតនគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែង ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងសាលប្រជុំសាលាខេត្តរតនគិរី។
ក្នុងឱកាសនេះ លោកស៊ុយ សែម បានថ្លែងថា ការផ្លាស់ប្តូរនិងការផ្ទេរភារកិច្ច គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ត្រូវបន្តដឹកនាំឲ្យបានប្រសើរជំរុញ សាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿននិងទាន់ពេល។
លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីសម្រេចភារកិច្ចនេះ ឲ្យបានល្អមន្ទីរ ត្រូវខិតខំលើកផែនការការងារឲ្យបានច្បាស់លាស់ និងចំគោលដៅ ដើម្បីអនុវត្តន៍ដោយរក្សាឲ្យបាន នូវសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដីខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។
លោករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិតជារួមគ្នាសម្រេចរាល់កិច្ចការ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនឲ្យអនុវត្តន៍ ឲ្យបានជាក់ស្ដែងនូវការកែទម្រង់ស៉ីជម្រៅ លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ដែលមានអភិបាលកិច្ចល្អជាស្នូល ដោយអនុវត្តន៍តាមពាក្យស្លោក «បម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង គឺដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងវិបុលភាពប្រទេសជាតិ»។
លោក គិត ទ្រី បានសម្តែងនូវការចូលរួមអបអរសាទរ ជាមួយលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី ដែលត្រូវប្រកាសចូលកាន់តំណែងនាថ្ងៃនេះ និងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី ដែលសម្រេចបាននូវលទ្ធផលការងារបានយ៉ាងល្អ នាពេលកន្លងមក។
លោក អ៊ុង ហួរ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី ដែលទើបប្រកាសតែងតាំងថ្មី បានប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល គោរពនិងខិតខំអនុវត្តន៍កម្មវិធី នយោបាយ របស់រាជរដ្ឋាភិបាលច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅមតិណែនាំរបស់ក្រសួង ក៏ដូចជាទិសដៅរបស់ក្រសួងនានាដែលពាក់ព័ន្ធ, បន្តនិរន្តភាពការងារក្នុងមន្ទីរ លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស ពេលវេលាជូនដល់ប្រជាពលរដ្ឋ និងថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកម្លាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ៕