(ភ្នំពេញ)៖ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ ស៊ីនហាន មកពីកូរ៉េខាងត្បូង ក្រោមអធិបតីភាពលោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំង លោកបណ្ឌិត Suh Gab-Won សាកលវិទ្យាធិការ សាកលវិទ្យាល័យ ស៊ីនហាន។
លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា៖ គោលបំណងនៃការចុះ MOU នេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិដូចជា ការផ្លាស់ប្តូរកម្មវិធីសិក្សា បទពិសោធន៍ពីគ្នាទៅវិញទៅមក កម្មវិធីផ្លាស់ប្តូរនិសិ្សត និងទស្សនកិច្ចសិក្សាផ្សេងៗ តាមរយៈ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ ដែលមានបម្រើសេវាកម្មធំៗ ៣ រួមមាន៖
*ទី១៖ បញ្ជូនសិស្ស-និស្សិតពូកែ និងសិស្សនិទ្ទេស A ប៊ែលធី ទៅសិក្សានៅក្រៅប្រទេស តាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង
*ទី២៖ បញ្ជូនសិស្ស-និស្សិតកម្ពុជាទូទៅទូទាំងប្រទេសទៅសិក្សានៅក្រៅប្រទេស តាមរយៈការបង់ថ្លៃសិក្សា និងការចំណាយផ្សេងៗ
*ទី៣៖ បញ្ជូនបុគ្គលិក និងសិស្ស-និស្សិត ទៅធ្វើទស្សនកិច្ចសិក្សាក្រៅប្រទេស។
លោកបានបន្តថា សាកលវិទ្យាល័យមានបើកកម្មវិធីសិក្សាជាភាសាជាតិ (ភាសាខ្មែរ និងភាសាអង់គ្លេស) និងកម្មវិធីសិក្សាអន្តរជាតិ ហើយថ្មីៗនេះ សាកលវិទ្យាល័យ ក៏បានបើកថ្នាក់ត្រៀមបរិញ្ញាបត្រ ភាសាចិន និងភាសាជប៉ុន បន្ថែមលើកម្មវិធីសិក្សាដែលមានស្រាប់ ដើម្បីបំពេញសេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់សិស្ស-និស្សិតកម្ពុជា ក្នុងការសិក្សានិងទទួលបាននូវគុណភាពអប់រំខ្ពស់ នៅកម្រិតថ្នាក់ឧត្តមសិក្សា ជាពិសេសស្របនឹង តម្រូវការទីផ្សារការងារទាំងថ្នាក់ជាតិ-អន្តរជាតិ នាបច្ចុប្បន្ន និងទៅអនាគត។ បវេសនកាលថ្មី ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត របស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចូលរៀនថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។
លោកបណ្ឌិត Suh Gab-Won បានលើកឡើងថា លោកពិតជាមានក្តីរំភើបសប្បាយរីករាយណាស់ ដែលបានចុះ MOU ជាមួយនឹងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលជាសាកល វិទ្យាល័យមួយ មានកម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយដែលមានកេរិ៍តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។
ជាមួយគ្នានោះ លោកបណ្ឌិត លី ឆេង បានថ្លែងថា ដោយមើលឃើញពីស្នាដៃ និងការលះបង់យ៉ាងធំធេង របស់លោកបណ្ឌិត Suh Gab-Won សាកលវិទ្យាធិការសាកលវិទ្យាល័យ ស៊ីនហាន ជាពិសេសលើវិស័យអប់រំ និងការអភិវឌ្ឍសម្រាប់ប្រជាជនកូរ៉េខាងត្បូង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសម្រេចចុះ MOU រវាងសាកលវិទ្យាល័យទាំងពីរនាថ្ងៃនេះ។
ហើយតាមរយៈ ការចុះ MOU នេះ សាកលវិទ្យាល័យទាំងពីរនឹងក្លាយជាដៃគូ សហការគ្នាយ៉ាងជិតស្និតរវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ ជាពិសេសផ្តល់ឱកាសជូនដល់សិស្ស-និស្សិតកម្ពុជាឱ្យទៅសិក្សានៅទីនោះ ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អទៅថ្ងៃអនាគត។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ទូច វិសាលសុខ បានបន្តថា «សាកលវិទ្យាល័យដែលល្បីហើយ និងល្អដែលគេព្រមទទួលសញ្ញាបត្រ និងចុះ MOUជាមួយនោះ បើយើងមិនស្ថាប័នល្បី មិនល្អក៏គេមិនទទួលពីរយើងដែរ»។
លោកបន្ដថា គុណភាពអប់រំស្រុកខ្មែរវិញ គឺបណ្ដាប្រទេសធំ និងពិភពលោកគឺទទួលស្គាល់ថា វិស័យអប់រំនៅកម្ពុជាគឺល្អ ជាពិសេសនោះ សិស្សនុសិស្សានៅកម្ពុជា ពេលរៀនចប់នៅស្រុកខ្មែរភ្លាមៗ គឺអាចបន្ដសិក្សានៅក្រៅប្រទេស នឹងបានចូលរៀនឆ្នាំទី១ភ្លាមៗបានផងដែរ។
ឆ្លៀតឱកាសនោះដែរ រដ្ឋលេខាធិការ ក្រសួងអប់រំ ក៏បានលើកឡើងថា អាទិភាពទាំង៤របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អាណត្តិទី៦នេះ រួមមាន ៖ មនុស្ស,ទឹក,ផ្លូវ,ភ្លើង។ លោកថា បញ្ហាទាំងនេះហើយបានធ្វើប្រទេសកម្ពុជាមានសុខសន្ដិភាព និងស្ថេរភាពយោបាយ បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃនេះ ហើយបានឲ្យកូនខ្មែរមានឱកាស សិក្សារៀនសូត្រ បានច្រើន ជាពិសេសនោះ មានឱកាសបន្ដសិក្សានៅក្រៅប្រទេសផងដែរ៕