(កណ្ដាល)៖ ពីលើវេទិកាក្នុងឱកាសបន្ដអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជាថ្មីម្ដងទៀត បានបន្ដអំពាវនាវដល់ឪពុកម្ដាយ និងសាធារណជនទាំងអស់ កុំរើសអើង និងស្អប់ខ្ពើមចំពោះមនុស្សភេទទី៣ ទាំងបុរស ទាំងនារី។
ក្នុងពិធីនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន ក្រៅពីការអំពាវនាវកុំឲ្យមានការរើសអើងហើយនោះ សម្ដេចក៏បានអំពាវនាវដល់ មនុស្សស្រឡាញ់ភេទដូចគ្នា សុំជួយទប់ស្កាត់កុំឲ្យមានការចម្លងជំងឺផ្សេងៗ ជាពិសេសជំងឺអេដស៍ទៅកាន់អ្នកដទៃ។ ការអំពាវនាវបែបនេះ បន្ទាប់ពីរបាយការណ៍បានបង្ហាញថា អត្រាឆ្លងជំងឺអេដស៍របស់មនុស្សស្រឡាញ់ភេទដូចគ្នា មានការកើនឡើង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពូតែងតែអំពាវនាវដល់មាតាបិតា កុំស្អប់ខ្ពើមកូនចៅរបស់ខ្លួន កុំឲ្យសង្គមមានការរើសអើង ចំពោះក្មួយៗ ជាប្រភេទទី៣ ទាំងបុរស ទាំងនារី។ កាលពីឆ្នាំ២០០៤ ពូក៏ធ្លាប់អំពាវនាវចំពោះមាតាបិតា អាណាព្យាបាល និងសង្គម កុំប្រទិចផ្ដាសសារ ជេរកូនចៅដែលគ្នាបានទៅជារបៀបហ្នឹងទៅហើយ រឿងនេះកុំឲ្យមានការរើសអើង»។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ចំពោះករណីនេះការរើសអើងមិនត្រូវមាននោះទេ ប៉ុន្ដែសាមីខ្លួនដែលស្រលាញ់ភេទដូចគ្នា ត្រូវតែចូលរួមទប់ស្កាត់កុំឲ្យមានជំងឺឆ្លងផ្សេងៗជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ពូសូមអំពាវនាវដោយក្ដីស្រលាញ់ និងក្ដីអាណិតចំពោះក្មួយៗ ដែលមាននិស្ស័យបែបនេះទាំងបុរស ទាំងស្ដ្រី សង្ឃឹមថា សម្ដីរបស់ពូគឺជាសារនយោបាយមួយទៅកាន់សង្គម ទៅមាតាបិតា អាណាព្យាបាល ហើយទៅកាន់ផ្ទាល់ជាមួយអ្នកដែលស្រលាញ់ភេទដូចគ្នា»។
ទន្ទឹមគ្នានេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានគូសរំលេចថា កម្ពុជាមិនអាចឈានទៅការធ្វើច្បាប់ ដើម្បីអនុញ្ញាតឲ្យអ្នកស្រលាញ់ភេទដូចគ្នា រៀបអាពាហ៌ពិពាហ៌បាននោះទេ ខណៈដែលប្រទេសខ្លះកំពុងមានទំនាស់គ្នាយ៉ាងខ្លាំងលើបញ្ហានេះ ប៉ុន្ដែបើទោះគ្មានច្បាប់ ករណីនេះនៅកម្ពុជាក៏គ្មានបញ្ហាដែលប្រឈមនឹងទោសទណ្ឌនោះដែរ៕