(កណ្តាល)៖ ថ្លែងចេញពីខេត្តកណ្ដាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាស្វាគមន៍គ្រប់អ្នកវិនិយោគ មកពីគ្រប់ប្រទេសទាំងអស់ ដែលចង់មករកស៊ីក្រោមដំបូលសន្តិភាព និងការប្រកាន់របបនយោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី សរុបប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ នៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការទាញវិនិយោគពីខាងក្រៅ កុំទាញតែប្រទេសណាមួយ ទាញឲ្យគ្រប់ ដូចជាកន្លែងនេះ...ចិន កូរ៉េ ជប៉ុន អាមេរិក ជាដើម ប្រទេសរបស់យើងបើកចំហ មកពីណាក៏ដោយ កុំមកតែពីពួកក្រុមភេរវកម្ម (ISIS) ទៅបានហើយ មកពីប្រទេសណាកម្ពុជា ស្វាគមន៍ទាំងអស់»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ម្សិលមិញខ្ញុំជួបក្រុមហ៊ុនច្បាប់របស់អាមេរិក ដែលចង់បង្កើតក្រុមហ៊ុនច្បាប់នៅប្រទេសកម្ពុជា ខ្ញុំសូមស្វាគមន៍បង្កើតក្រុមហ៊ុនច្បាប់ ផ្ដល់មេធាវី ឬក៏លើបញ្ហាច្បាប់ បង្កើតទៅ អត់មានទើសទាល់ទេ សម្រាប់ប្រទេសកម្ពុជា បើកចំហគ្រប់ទិសតំបន់ទាំងអស់ សូមអញ្ញើញមកកាន់កម្ពុជា ដើម្បីរកស៊ីទទួលទាន នៅក្រោមដំបូងសន្ដិភាព លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅទីនេះ»។
ជាមួយគ្នានោះនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងទៀតថា កម្ពុជាមិនប្រកាន់ប្រទេសណានោះទេ ហើយគ្មានការរើសអើងបែងចែក រវាងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគមកពីក្រៅប្រទេសនោះដែរ។ សម្ដេចតេជោ បានបញ្ជាក់ផងដែរថា អ្នកវិនិយោគមកពីក្រៅប្រទេស មានសិទ្ធិវិនិយោគ១០០ភាគរយ ដោយមិនចាំបាច់មានដៃគូក្នុងស្រុក ឬភាគហ៊ុនក្នុងស្រុក។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រទេសខ្លះតម្រូវឲ្យមានភាគហ៊ុននៅក្នុងស្រុក ប៉ុន្ដែប្រទេសកម្ពុជាអត់ទេ អាចដាក់ភាគហ៊ុន១០០ភាគរយខ្លួនឯង ដោយមិនកំណត់នូវការនាំចេញ ប្រាក់ចំណេញទៅក្រៅប្រទេសទេ ហើយមានតែស្វាគមន៍បន្ថែមទៀត នៅពេលដែលប្រាក់ចំណេញរបស់ពួកគេ ត្រូវបានប្រើប្រាស់ពង្រីកអាជីវកម្មបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា៕