(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ឈឺដល់អ្នកនយោបាយប្រឆាំង ដែលកំពុងដេករង់ចាំសម្តេចស្លាប់នោះថា «ឱ្យចាំជាតិក្រោយទៅចុះ» ដោយសារតែសុខភាពរបស់សម្តេចនៅរឹងមាំ មិនងាយទ្រុឌទ្រោម ដូចក្តីបំណងរបស់ពួកគេឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកខ្លះគេថា ហ៊ុន សែន ឈឺរង់ចាំ ហ៊ុន សែន ងាប់ នែ៎ ! អ្នករង់ចាំ ហ៊ុន សែន ងាប់ ចាំជាតិក្រោយទៅអូន»។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ១ម៉ឺនាក់ នៅរោងចក្រ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
សម្តេចបានអះអាងថា សម្តេចបានហាត់ប្រាណជាប្រចាំ ហើយរំលឹករឿងវាយកូនហ្គោល កាលពីចុងសប្តាហ៍កន្លងទៅនេះ និងកម្លាំងក្នុងការនិយាយក្នុងវេទិកាសាធារណៈផងដែរ។
សម្តេចតេជោ បានចោទសួរថា៖ «មនុស្សឈឺ ទៅវាយកូនហ្គោលកើតទេ? ហើយមនុស្សឈឺ មកនិយាយអញ្ចឹងកើតទេ ដោះក្បាលមេក្រូ ស្រែកទៅកាន់ក្មួយៗ (កម្មករដែលមកចូលរួមសំណេះសំណាល)មើល បើមិនឮដូចយក្ស ឮជាត្រាក់ទ័រថែមទៀត»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញដល់នាយទាហានមួយចំនួនរបស់កម្ពុជា អំពីការហាត់ប្រាណ ដើម្បីទម្លាក់ទម្ងន់ ព្រមទាំងណែនាំដល់មេទាហានមួយចំនួន ឱ្យសម្រកក្បាលពោះផងដែរ៕