(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ បានថ្លែងថា ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ដែលមានទំហំជាង៤៣លានដុល្លារអាមេរិក នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តអនុវត្ត «យុទ្ធសាស្រ្តចតុកោណ» ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងបែបនេះ ក្នុងឱកាសដែលលោក និងលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់អនុវត្តន៍គម្រោងចំនួន២នៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាទីស្តីការក្រសួង។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ជំនួយឥតសំណង និងឥណទានសម្បទាន ដែលទើបត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តអនុវត្ត «យុទ្ធសាស្រ្តចតុកោណ» ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលស្របទៅនឹងមុំទី២ និងទី៤ ដែលបានសង្កត់ធ្ងន់លើ «ការកែលម្អប្រព័ន្ធឡូជីស្ទីក ការលើកកំពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល» និង «ការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ការគ្រប់គ្រងធម្មជាតិ និងវប្បធម៌ប្រកបដោយចីរភាព» ដែលទាំងនេះ ជាចលករជួយជំរុញឲ្យកម្ពុជាសម្រេចបាន នូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០»។
លោករំលឹកថា ក្នុងឆ្នាំសារពើពន្ធជប៉ុន២០១៨ (ដែលគិតចាប់ចាប់ពីខែមេសា ២០១៨ ដល់មីនា ២០១៩) សរុបមកកម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើឯកសារ សី្តពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ដែលផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាសរុបចំនួន ១៤.៩៩៧លានយ៉េន (គិតជាដុល្លារអាមេរិកប្រមាណ ១៣៤,៣៨លាន) ក្នុងនោះជំនួយឥតសំណងប្រមាណ ១៩,៤២លានដុល្លារអាមេរិក ឥណទានសម្បទានប្រមាណ ១១៤,៩៦លានដុល្លារអាមេរិក។
លោកបន្តថា៖ «ជប៉ុនគឺជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតមួយ ដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍អាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមទស្សវត្សរ៍១៩៩០ ជាពិសេសការកែលម្អប្រព័ន្ធ Logistics សុខាភិបាល អប់រំ ការអភិវឌ្ឍន៍ធនធានមនុស្ស កសិកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ»។
បើតាមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឆ្នាំ២០១៨ កម្ពុជានិងជប៉ុនបានប្រារព្វខួបអនុស្សាវរីយ៍ លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកកត់សំគាល់ថា ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ ក្នុងរយៈពេល៦៥ឆ្នាំនេះ ទោះជាបានឆ្លងកាត់ពេលវេលា និងការប្រែប្រួលស្ថានភាពក្នុងតំបន់ និងអន្តរជាតិយ៉ាងណាក៏ដោយ មិនត្រឹមតែនៅរក្សាបានភាពល្អប្រសើរប៉ុណ្ណោះទេ តែថែមទាំងបន្តមាននិន្នាការរីកចម្រើន និងស៉ីជម្រៅទៀតផង។ ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ កំណើនពាណិជ្ជកម្ម និងវិនិយោគ ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានពង្រឹងថែមទៀតនូវទំនាក់ទំនងយូរអង្វែង រវាងប្រជាជាតិទាំងពីរ។
ជាមួយគ្នានេះ លោក Hidehisa HORINOUCHI បានថ្លែងថា រហូតមកដល់ពេលនេះ ប្រទេសជប៉ុនបាននិងកំពុង ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យកំពង់ផែ
តាមរយៈការរៀបចំឋបនីយភ័ណ្ឌកំពង់ផែ និងការពង្រឹងសមត្ថភាពគ្រប់គ្រងកំពង់ផែជាដើម និងក្នុងវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទ តាមរយៈការរៀបចំប្រព័ន្ធបង្ហូរទឹកស្រោចស្រព និងការផលិតគ្រាប់ពូជជាដើម។
លោកថា តាមរយៈហិរញ្ញប្បទានឥតសំណង ដែលបានចុះហត្ថលេខានាថ្ងៃនេះ ប្រព័ន្ធចាំបាច់សម្រាប់ការផ្លាស់ប្តូរទិន្នន័យ Digital នៃការស្នើសុំ និងការជូនដំណឹងជាដើម ទៅកាន់អ្នកគ្រប់គ្រងកំពង់ផែនឹង ត្រូវបានសាងសង់សម្រាប់កំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែរាជធានីភ្នំពេញ។ តាមរយៈកិច្ចការនេះនីតិវិធីសម្រាប់ការចេញ-ចូលកំពង់ផែ របស់នាវានឹងប្តូរមកប្រើប្រាស់តាមទិន្នន័យ Digital ហើយការបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធ Logistic និងទំនើបកម្មនៃរដ្ឋបាលកំពង់ផែ នឹងត្រូវបានអនុវត្តន៍។
លោក Hidehisa HORINOUCHI បានបន្តទៀតថា៖ «តាមរយៈឥណទានសម្បទានបន្ថែមចំនួនប្រមាណ ៣ពាន់៥រយលានយ៉េន (ប្រមាណ៣៣,៦ លានដុល្លារអាមេរិក) យើងធ្វើទំនើបកម្មប្រព័ន្ធបង្ហូរទឹកស្រោចស្រព តាមរយៈការធ្វើឲ្យប្រសើរឡើងវិញ និងការរៀបចំផ្សេងៗ ហើយបង្កើតនិងពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក និងណែនាំស្តីពីការគ្រប់គ្រងកសិកម្ម នៅតាមតំបន់ជនបទចំនួន៦ នៃខេត្តចំនួន៣ នៅភាគខាងលិចបឹងទន្លេសាប»។
លោកបន្ថែមថា សកម្មភាពទាំងនេះ នឹងរួមចំណែកបង្កើនផលិតកម្មកសិកម្មយ៉ាងខ្លាំង ក្នុងតំបន់គោលដៅ និងជួយធ្វើឲ្យប្រសើរឡើង នូវស្ថានភាពរស់នៅតាមជនបទកាន់តែខ្លាំង។ វិស័យកំពង់ផែនិងវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទរបស់កម្ពុជា គឺជាកិច្ចការអាទិភាពមួយដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ជាង៧% ហើយនេះគឺជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យទាំងនេះ។
លោកឯកអគ្គរាជទូតបន្តថា៖ «ខ្ញុំរំពឹងទុកថាគម្រោងទាំង២ ដែលបានចុះហត្ថលេខានាថ្ងៃនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀត នៃសេដ្ឋកិច្ចកម្ពុជា»។
សូមជម្រាបថា ការចុះហត្ថលេខាលើ លិខិតប្តូរសារស្តីពីការបន្តការគាំទ្ររបស់រដ្ឋាភិបាលជប៉ុន សម្រាប់អនុវត្តគម្រោងពីររួមមាន៖
*ទី១៖ ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប៣,៥៩៩ លានយ៉េន (ប្រមាណ៣១.៥៦លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ជំហានទី២»។
*ទី២៖ ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុប ១,៣៤០ លានយ៉េន (ប្រមាណ ១១.៨លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនី នៅកំពង់ផែ ដើម្បីការធ្វើទំនើបកម្មកំពង់ផែ»៕