(ស្វាយរៀង)៖ លោក អ៊ូ សុភក្តី អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានជំរុញដល់ប្រជាពលរដ្ឋណាមានដី ត្រូវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានស្របនឹងច្បាប់ ទើបពុំមានរឿង និងអាចលក់បញ្ចាំបានទៀតផង។
ការថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានការចូលរួមពីលោក ស៊ិន គឹមសាន្ត និងអស់លោក លោកស្រីជាចៅសង្កាត់ និងអ្នកដែលពាក់ពន្ធ័ជាច្រើនរូបទៀតផងដែរ។
លោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមស្វែងយល់អំពី ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ដើម្បីពិនិត្យថា តើការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ មានភាពសុក្រឹតទាំងការងារបច្ចេកទេស និងផ្លូវច្បាប់ត្រឹមត្រូវហើយឬនូវ ក៏ដូចជា ការរួមចំណែកនូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លីកាត់បន្ថយទំនាស់ និងជំរុញឲ្យមានទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា អាណត្តិទ៦នេះផងដែរ។
លោកអនុប្រធានបានថ្លែងទៀតថា ការប្រកាសកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនេះហើយមាន៥ ដំណាក់កាលដោយដំណាក់កាលរួមមាន៖
*ទី១៖ ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ បង្កើតដោយគណៈកម្មការរដ្ឋបាលជូនដំណឹង ប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ
*ទី២៖ ប្រតិបត្តិការបច្ចេកទេស គឺជាការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់ និងបញ្ជីឈ្មោះម្ចាស់ដី
*ទី៣៖ បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់មានរយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ា ក្នុងករណីមានការខុសឆ្គងបើផុតរយៈពេលកំណត់ នៃការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ
*ទី៤៖ សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផល នៃការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាលជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់សិទ្ធចំពោះក្បាលដីណាដែលមិនមានទំនាស់
*ទី៥៖ ចុះបញ្ជីចេញប័ណ្ណជូនម្ចាស់ដី។
លោកបានបន្តថា យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ជាមួយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តម្រូវឲ្យម្ចាស់ក្បាលដីអ្នកកាន់កាប់ដីបង់សេវា នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែមួយគត់ ពេលមកទទួលប័ណ្ណ ត្រូវបង់ក្នុងតម្លៃ ដីកសិកម្មជនបទ ស្មើ១រៀល ក្នុង១ម៉ែត្រការ៉េ ដីលំនៅឋានជនបទគឺ១ម៉ែត្រការ៉េ ស្មើ១០រៀល ដីទីប្រជុំជនស្រុកគឺ១ម៉ែត្រការ៉េ ស្មើ២០រៀល ដីទីប្រជុំជនខេត្ត ឬដីជាទីប្រជុំជនរាជធានីភ្នំពេញ គឺ១ម៉ែត្រការ៉េ ស្មើ២៥០រៀល ដីទីប្រជុំជនរាជធានីភ្នំពេញ គឺ១ម៉ែត្រការ៉េស្មើ៥០០រៀល៕