(ភ្នំពេញ)៖ ទោះបីអឺរ៉ុបបានប្រកាសពីដំណើរការរបស់ខ្លួន ដើម្បីឈានទៅរកការព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីកម្ពុជា ក្តី ក៏គម្រោងវិនិយោគថ្មីជាច្រើនត្រូវបានប្រកាសឡើយ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តបតាមការស្នើសុំរបស់ក្រុមហ៊ុនវិនិយោគ។
ជាក់ស្តែងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបប្រកាសពីការអនុម័តគ្រមោងវិនិយោគថ្មីៗចំនួន៥បន្ថែមទៀត ដែលសរុបទុនវិនិយោគជាង៥០លានដុល្លារអាមេរិក បង្កើតការងារជួនពលរដ្ឋខ្មែរជាច្រើនពាន់កន្លែង។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃនេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ YIMGJIA (CAMBODIA) ART SUPPLY MFG CO., LTD. គម្រោងបង្កើតរោងចក្រផលិតផ្ទាំងស៊ុមគំនូររូបថត និងសម្ភារៈសម្រាប់រចនាស៊ុបរូបថត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៧៩កន្លែង។
២៖ CNDEGRE INTERNATIONAL (KH) CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣៣.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០៥កន្លែង។
៣៖ BIG C SUPERCENTER (CAMBODIA) CO.,LTD. គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ ៦.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២២២កន្លែង។
៤៖ HUABAOSUYE PLASTIC PRODUCTS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតថង់យួរប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៩កន្លែង។
៥៖ ZHAOHUI FILTER CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី និងតម្រងម៉ាស៊ីនបន្សុទ្ធខ្យល់ និងទឹក ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ា អាគារ៥A ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥៦កន្លែង៕