(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំមេបញ្ជាការរង និងនាយអាវុធហត្ថ ជាច្រើនរូបទៀត នាំថវិការបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចូលរួមរំលែកទុក្ខគ្រួសារសពនាយអាវុធហត្ថខេត្តមួយរូប ដែលបានទទួលមរណភាព។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះក្រុមគ្រួសារសពផងដែរ។
ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង និងមន្ត្រីអាវុធហត្ថទូទាំងខេត្តព្រះវិហារ លោកសូមសំដែងនូវការចូលរួមមរណទុក្ខ ជាមួយក្រុមគ្រួសារសព និងសូមបួងសួងសូមឲ្យវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ត្រី រៀល ផាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ថវិកាដែលជាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដែលប្រគល់ជូនក្រុមគ្រួសារសពនៅពេលនេះ គឺមានចំនួន៤៩.៤៤៣៤០០រៀល។
សូមបញ្ជាក់ថា លោកវរសេនីយ៍ត្រី រៀល ផាន នាយការិយាល័យបទល្មើសយោធា នៃបញ្ជាការដ្ឋាកងរាជអាវុធហត្ថខេត្តព្រះវិហារ បានទទួលមរណភាព កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅគេហដ្ឋានភូមិស្ថាពរសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ៕