(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា មន្ទីរពេទ្យខេត្តត្បូងឃ្មុំ ដ៏ធំស្កឹមស្កៃដែលស្របតាមស្តង់ដារ មានតម្លៃជាង៥០លានដុល្លារ នឹងលេចរូបរាងឡើងនាពេលខ្លីខាងមុខនេះ ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន ដោយការបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ការលើកឡើងនេះ បានធ្វើឡើងខណៈលោក និងលោកស្រី បានអញ្ជើញចូលរួមពិធីបុណ្យមាឃបូជា នៅវត្តឧត្តមព្រឹក្សា ហៅវត្តត្រពាំងសង្កែ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះលោកអភិបាលខេត្ត បានថ្លែងថា ការជួបជុំគ្នានៅពេលនេះប្រកបដោយទឹកមុខសប្បាយរីករាយ គឺបានមកពីកត្តាប្រទេសជាតិយើងមានសុខសន្តិភាព បើសិនជាប្រទេសជាតិយើង មិនមានសុខសន្តិភាពទេ យើងក៏មិនមានឱកាសបានជួបជុំគ្នាធ្វើបុណ្យទានជាមួយគ្នាដូចពេលនេះដែរ។
លោក ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាពនេះហើយ ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធិចក្រ និងអណាចក្រ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោកថ្លែងបញ្ជាក់ទៀតថា ជាក់ស្តែងខេត្តត្បូងឃ្មុំ បានលេចរូបរាងឡើងជាមួយនឹងសំណង់ដ៏ស្កឹមស្កៃក្នុងនោះមាន អគារសាលាខេត្ត អគារមន្ទីរជុំវិញខេត្ត អគារស្នាក់នៅរបស់មន្រ្តីរាជការ ប្រព័ន្ធលូនិងផ្លូវធំៗខ្វាត់ខ្វែង វត្តរាប់ពាន់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាជួយថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍន៍នេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឲ្យនៅគង់វង្យយូរអង្វែងតទៅទៀត។
ក្នុងឱកាសនោះដែរ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី បានអញ្ជើញបញ្ចុះបឋមសិលា កសាងកុដ្តនិងដងទង់ ព្រមទាំងប្រគេនបច្ច័យកសាង ជូនព្រះសង្ឃគង់ចាំវស្សា ចែកទានដល់ពុទ្ធបរិស័ទ្ធដែលបានចូលរួមជាថវិកាមួយចំនួន ព្រមទាំងចែកទានជាថវិកា និងគ្រឿងបរិភោគជូនដល់ជនក្រីក្រចាស់ជរាគ្មានទីពឹងនៅទីនេះ ចំនួន០៧នាក់ផងដែរ៕