(ក្រចេះ)៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ត្រូវចូលរួមថែរក្សានូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់សាសនា ឲ្យបានគង់វង្ស ដើម្បីផ្សព្វផ្សាយដល់ ពិភពលោក ឲ្យបានដឹងពីការអភិវឌ្ឍន៍ រីកចម្រើននូវវិសយ័ពុទ្ធចក្រ និងអាណាចក្រ។ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តក្រចេះ បានរៀបចំប្រារព្វពិធីបុណ្យមាឃបូជា នៅវត្តសិរីសន្ធរវង្ស ហៅវត្តក្រចេះ ជាមួយនិងការចូលរួមពីពុទ្ធបរិស័ទទីជិតឆ្ងាយយ៉ាងច្រើនកុះករផងដែរ។
លោក វ៉ា ថន បានលើកឡើងថា ការជួបជុំគ្នាក្នុងពេលនេះ ប្រកបដោយទឹកមុខសប្បាយរីករាយ គឺបានមកពីកត្តាប្រទេសជាតិយើងមានសុខសន្តិភាព បើសិនជាប្រទេសជាតិយើង មិនមានសុខសន្តិភាពទេ យើងក៏មិនមានឱកាសបានជួបជុំគ្នាធ្វើបុណ្យទានជាមួយគ្នាដូចពេលនេះដែរ។
លោកបន្តថា កន្លងទៅ ដូចជារបបប៉ុលពត ដែលពុកម៉ែបងប្អូនរបស់យើងទាំងអស់គ្នា បានឆ្លងកាត់យ៉ាងវេទនានោះ តើយើងមានឱកាសបានជួបជុំគ្នាអញ្ចឹងដែរទេ? ដូច្នេះហើយសូមពុកម៉ែបងប្អូន ជាអាណាព្យបាល ត្រូវពន្យល់នែនាំដល់កូនចៅ ជាយុវជនជំនាន់ក្រោយ ត្រូវយល់ដឹងពីដំណើរ នៃការទទួលបានសុខសន្តិភាព ស្ថេរភាព និងសិទ្ធិសេរីភាព របស់ប្រទេសកម្ពុជា និងបន្តចូលរួម ថែរក្សាការពារ និងផ្សព្វផ្សាយដល់ពិភពលោកឲ្យបានដឹងពីវប្បធម៌ និងអរិយ៍ធម៌ចំណាស់ដ៏ទន់ភ្លន់ និងរឹងមាំរបស់ដូនតាយើង ក៏ដូចជាការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសសព្វថ្ងៃផងដែរ។
ពិធីបុណ្យមាឃបូជាប្រារព្ធឡើង នៅថ្ងៃទី១៥កើត ខែមាឃ ជារៀងរាលឆ្នាំ ក្នុងគោលបំណងពីរគឺ៖ ទី១៖ ដើម្បីរំលឹកដល់ថៃ្ងចតុរង្គសន្និបាត ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គចំនួន៩ខែគត់ និងទី២៖ ដើម្បីរំលឹកដាក់អាយុសង្ខារ នៃការចូលព្រះបរិនិព្វានរបស់ទ្រង់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពី គ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុង មហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា។
រីឯការប្រកាសដាក់អាយុសង្ខារ នៃការចូលព្រះបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធ ត្រូវបានព្រះអង្គធ្វើឡើង តាមការអារាធនា (ស្នើសុំ) របស់មារ (យក្ស)។ តាមសៀវភៅ «ឈ្វេងយល់មាឃបូជា» របស់ធម្មបណ្ឌិត ហេង មណីចិន្តា បានសរសេរពីការអារាធនារបស់មារ ដោយមារបាននិយាយទៅកាន់ព្រះសម្មាសម្ពុទ្ធថា «បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះជាកាល គួរសមនឹងបរិនិព្វាន របស់ព្រះដ៏មានព្រះភាគហើយ»។
ព្រះសម្មាសម្ពុទ្ធ បាននិទានប្រាប់ព្រះអានន្ទថា «ម្នាលអានន្ទ កាលបើក្រុងមារបាននិយាយយ៉ាងនេះហើយ តថាគតក៏បានពោលពាក្យនេះ ទៅនឹងក្រុងមារមានចិត្តបាបថា «ម្នាល់មារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វាយខ្វល់តិចចុះ ការបរិនិព្វានរបស់តថាគតមិនយូរប៉ុន្មានទេ កន្លងទៅ៣ខែអំពីថ្ងៃនេះតទៅ តថាគតនឹងបរិនិព្វានហើយ។ ម្នាលអានន្ទ ក្នុងថ្ងៃនេះតថាគតមានសតិសម្បជញ្ញៈ បានដាក់អាយុសង្ខារក្នុងបាវាលចេតិយ អម្បាញ់មិញនេះឯង»។
ពិធីបុណ្យមាឃបូជា តែងតែត្រូវបានធ្វើឡើងនៅថ្ងៃ១៥កើត ខែមាឃ ជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យសាសនាមួយនេះ មានសារៈសំខាន់ណាស់នៅក្នុងពុទ្ធិសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)ជាដើម។ បុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ចូលជាបុណ្យជាតិរបស់កម្ពុជាផងដែរ ដោយនៅថ្ងៃប្រារព្ធបុណ្យនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងវិស័យឯកជន ឈប់សម្រាកមួយថ្ងៃផងដែរ៕