(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំសហការី ខេត្ត-ស្រុក-ឃុំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ អញ្ជើញទៅប្រគល់ផ្ទះ ខ្នងទី១១៣ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជនពិការដោយសារសង្គ្រាម ឈ្មោះ ស៊ន វិន ដែលមានផ្ទះរស់នៅមិនសមរម្យ។
លោកពលបាលទោ ស៊ន វិន ចូលបម្រើកងទ័ពនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៨៧ មានតួនាទីជាប្រធានក្រុម នៃអង្គភាពយោធាស្រុកបារាយណ៍ បានត្រូវរបួសនៅឆ្នាំ១៩៨៩ ដោយសារការពារ ស្ពានកំពង់ថ្ម បណ្តាលឲ្យត្រូវមីនដាច់ជើងខាងឆ្វេង និងពិការភ្នែកខាងស្ដាំ។
បច្ចុប្បន្នលោក ស៊ន វិន រស់នៅភូមិប្រមាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានភរិយាឈ្មោះ ហ៊ាម រៀម អាយុ៤៨ឆ្នាំ មានកូនចំនួន៤នាក់នៅក្នុងបន្ទុក ហើយក្រុមគ្រួសារនេះមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយចំនួន៥នាក់។
ផ្ទះថ្មីដែលបានប្រគល់ជូនគាត់នៅពេលនេះមានទំហំ ៤មx៦ម សាងសង់ពីឈើខ្ពស់ផុតពីដី ជញ្ជាំង និងរនាបក្តារ ដំបូលប្រក់ស័ង្កសី ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៦,៩៨៥,០០០រៀល។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ដល់បងប្អូនអតីតយុទ្ធជនយើងគ្រប់ៗគ្នានៅទូទាំងប្រទេស។
ជាក់ស្តែងពេលនេះសម្តេចបានប្រគល់ផ្ទះថ្មី១ខ្នង ជូនដល់អតីតយុទ្ធជនយើង ដែលជាអ្នកមានគុណបូជាសាច់ស្រស់ ឈាមស្រស់ រហូតដល់ពិការ ក្នុងការរួមចំណែក បង្រួបបង្រួមជាតិ ដើម្បីឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនដូចសព្វថ្ងៃនេះ។
លោកបានបន្តទៀតថា គ្រប់អតីតយុទ្ធជន គឺទទួលបានអត្ថប្រយោជន៍ពីសមាគមអតីតយុទ្ធជនយើងជាច្រើនទៀតផងដែរ។ ក្នុងឱកាសនោះដែរលោក សោម ស៊ុន និងក្រុមការងារសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ពាំនាពាំនាំនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនគាត់បន្ថែមទៀតរួមមាន៖ អង្ករចំនួន៥០គីឡូក្រាម, មីយើងចំនួន២កេស, ទឹកត្រី ទឹកស៊ីអ៉ីវ ចំនួន២យួរ, មុងជ្រលក់ថ្នាំចំនួន២ និងថវិកាចំនួន៥០០,០០០ រៀលផងដែរ៕