(ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍វប្បធម៌ចម្រុះជាតិសាសន៍ «ឈីងហ្គេ» ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរីកន្លងទៅ ដែលកម្ពុជាបាននាំយកសិល្បៈចំនួន៥ទម្រង់ ចូលរួមសម្ដែងនោះ បានទទួលការស្ញប់ស្ញែង និងសាទរយ៉ាងខ្លាំងពីបណ្ដាប្រទេសជាច្រើន ពិសេសប្រធានាធិបតី និងនាយរកដ្ឋមន្ដ្រីសិង្ហបុរី ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះ។
លោក សុខ សប្បាយណា សមាជិកអចិន្ដ្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ដែលចូលរួមដឹកនាំសិល្បករ សិល្បការិនី ទៅសម្ដែងក្នុងព្រឹត្ដិការណ៍នេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បន្ទាប់ពីត្រឡប់មកដល់ប្រទេសកម្ពុជា យ៉ាងដូច្នេះថា «អ្វីដែលជាជោគជ័យនោះ ទាំងនាយករដ្ឋមន្ដ្រី ទាំងប្រធានាធិបតី ទាំងក្រុមការងាររៀបចំ និងប្រទេសផ្សេងដែលបានចូលរួម បានកោតសរសើរមកយើង»។
លោកបានអះអាងទៀតថា ការបង្ហាញរបស់កម្ពុជាតាមរយៈការសម្ដែងសិល្បៈ៥ទម្រង់នេះ បានធ្វើឲ្យបណ្ដាប្រទេសផ្សេងៗ បានឃើញ និងស្វែងយល់បន្ថែមទៀត។ អ្វីដែលកាន់តែពិសេសទៀតនោះ អ្នកសម្របសម្រួលនៅក្នុងកម្មវិធីជូនកម្ពុជា បានសន្យាថា នឹងធ្វើដំណើរមកលេងប្រទេសកម្ពុជាថែមទៀតផង។
លើសពីអ្វីដែលអន្ដរជាតិបានទទួលស្គាល់ ត្រូវបានលោក សុខ សប្បាយណា គូសរំលេចថា លោកគ្រូ អ្នកគ្រូ ក្រុមការងារ និងសិល្បករ សិល្បការិនីរបស់កម្ពុជា ដែលទៅចូលរួមលើកនេះ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដើម្បីបង្ហាញខ្លួនតំណាងឲ្យប្រជាជាតិកម្ពុជាទាំងមូលលើឆាកអន្ដរជាតិ។
ជាមួយគ្នានេះ លោក ព្រឿង ឈាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអមដំណើរចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏បានបង្ហាញនូវមោទនភាពផងដែរ ដែលសារតែអន្ដរជាតិជាច្រើន បានស្ញើចសរសើរសិល្បៈវប្បធម៌របស់កម្ពុជា ដែលមានទម្រង់បុរាណលាយជាមួយសម័យ។ ពេលនោះហើយដែលសិល្បករ សិល្បការិនីរបស់កម្ពុជាជួបការលំបាកផងដែរ ប៉ុន្ដែនៅតែបន្ដប្រឹងប្រែងរហូតទទួលបានជោគជ័យ ជូនជាតិ និងប្រជាជនទាំងអស់។
សូមរំលឹកថា របាំទាំង៥ទម្រង់របស់កម្ពុជា ដែលបានយកទៅចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ «ឈីងហ្គេ» ឆ្នាំ២០១៩នេះ រួមមាន៖
* របាំម្ករ៖ ជារបាំដ៏ពិសិដ្ឋអស្ចារ្យ ដែលបង្កើតឡើងដើម្បីជានិមិត្តរូបនៃភាពត្រជាក់ត្រជំ និងជ័យជម្នះរបស់កងទ័ពជើងទឹកខ្មែរអំឡុងសម័យអង្គរ។ ម្ករជាប្រភេទសត្វត្រីម្យ៉ាង មានដងខ្លួនដូចជានាគ ដែលនៅក្នុងជំនឿខ្មែរ ចាត់ទុកអំបូរនាគជាកំណើតដូនតាខ្មែរ។
* ឈុតព្រះថោងនាងនាគ៖ ជានិមិត្តរូបនៃការកសាងវង្សត្រកូល និងប្រទេសជាតិខ្មែរ ដោយការផ្សារភ្ជាប់គ្នារវាង មនុស្សជាតិ ជាតិសាសន៍ ការអនុវត្តនយោបាយដឹកនាំប្រទេស និងជំនឿសាសនាដែលនាំឲ្យមានការរស់នៅជុំគ្នា ប្រកបដោយភាពសុខដុម ក្សេមក្សាន្ដ សុខសន្ដិភាព និងភាពសម្បូរសប្បាយ។
* ឈុតកូរសមុទ្រទឹកដោះ៖ បង្ហាញពីការរួមគ្នា សហការគ្នាចូលរួមយ៉ាងសស្រាក់សស្រាំ និងស្មើភាពគ្នារវាងទេវតា និងអសុរា ដើម្បីទទួលបាននូវសមិទ្ធិផល ដែលបម្រើដល់ផលប្រយោជន៍រួម។
* របាំក្រមា និងក្បាច់ក្រមានៃគុណល្បុក្កតោ៖ បង្ហាញពីការអត់ធ្មត់ ខិតខំប្រឹងប្រែង និងរួបរួមគ្នាជាធ្លុងមួយ ស្របជាមួយនឹងភាពរឹងមាំ និងម៉ឺងម៉ាត់ នៃគុណល្បុក្កតោ។
* ក្បាច់ផ្ការំដួល៖ ជាផ្កាអត្តសញ្ញាណជាតិខ្មែរ ដែលចាប់តាំងពីសម័យបុរាណកាលមកស្រ្តីខ្មែរត្រូវបានគេប្រៀបប្រដូចទៅនឹងផ្ការំដួល ព្រោះផ្ការំដួលមានក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយសាយក្លិនក្រអូបសាយបាន ឆ្ងាយតាមកម្លាំងខ្យល់បក់។ ដូចនេះ របាំផ្ការំដួល នឹងបង្ហាញពីភាពស្រស់ត្រកាល និងការរីកលូតលាស់ដ៏វិសេសវិសាលនៃជាតិសាសន៍ខ្មែរ ដែលល្បីរន្ទឺដល់ពិភពលោក តាមរយៈយុវជនខ្មែរ និងប្រជាជនខ្មែរគ្រប់ៗរូប៕