(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ក្នុងឆ្នាំ២០១៨នេះ យោងតាមច្បាប់បោះឆ្នោត និងតាមការចាំបាច់ គ.ជ.ប ត្រូវអនុវត្តភារកិច្ចសំខាន់ៗចំនួន៣ព្រមគ្នា។
លោក ទេព នីថា បានថ្លែងបែបនេះ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ការចុះឈ្មោះបោះឆ្នោតការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ទេព នីថា បានឲ្យដឹងថា ការងារសំខាន់ៗទាំង៣នោះរួមមាន៖
* ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩
* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣
* ការប្រឡងប្រជែងជ្រើសរើសសមាជិកលេខាធិការដ្ឋាននៃរាជធានី ខេត្ត។
លោកថ្លែងទៀតថា ការងារទាំង៣ខាងលើនេះត្រូវបាន គ.ជ.ប ត្រៀមទាំងក្របខណ្ឌច្បាប់ និងផែនការដែលត្រូវធ្វើព្រមគ្នាតាំងពីចុងឆ្នាំ២០១៨។ ការងារនេះចាប់ផ្តើមពីខែកុម្ភៈ ហើយត្រូវបញ្ចប់ជាបន្តបន្ទាប់ ទៅតាមប្រតិទិនកំណត់។
នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនោះដែរ លោក ទេព នីថា ក៏បានណែនាំដល់សិក្ខាកាមដូចតទៅ៖
* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ជាការបោះឆ្នោតអសកល ហើយអ្នកបោះឆ្នោតគឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង សម្រាប់ការចុះ (ស្រង់) ឈ្មោះបោះឆ្នោតពុំមានការលំបាកទេ តែត្រូវយកចិត្តទុកដាក់ក្នុងការផ្ទៀងផ្ទាត់ទិន្នន័យអ្នកបោះឆ្នោតឱ្យបានត្រឹមត្រូវ រវាងបញ្ជីបោះឆ្នោត និងឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលត្រូវប្រើសម្រាប់បោះឆ្នោត និងសំខាន់ទៀតក្នុងករណីមានការផ្លាស់ប្តូរសមាជិក កបឃ.ស ព្រោះពេលវេលាមានកំណត់។
* ត្រូវរៀបចំផែនការប្រតិទិនឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាពសម្រាប់ការបណ្តុះបណ្តាលបន្តក្នុងរាជធានី ខេត្ត។
* ត្រូវកំណត់ភារកិច្ចច្បាស់លាស់រវាង គធ.ខប លគធ.ខប និង លធ.ខប។
* ត្រូវពង្រឹងកិច្ចសហការតាមតួនាទីជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយអាជ្ញាធរមានសមត្ថកិច្ចលើសេវាគាំទ្រ និងការងារសន្តិសុខ៕