(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ធ្វើការចាប់ខ្លួនបុរសម្នាក់ ដែលសង្ស័យញៀនថ្នាំ និងផឹកស្រាស្រវឹងធ្លាក់ភ្នែក ហើយបានវាយទៅលើបងប្រុសបង្កើតរបស់ខ្លួន និងដំបងដែកគោល បណ្ដាលឲ្យរងរបួសបាក់ដៃ។ បន្ទាប់មកបានចាក់សោរ បង្ខាំងម្ដាយ នៅក្នុងផ្ទះហើយគំរាមវាយបំបាក់ជើង បើនរណាម្នាក់ហ៊ានចូលទៅជួយ រួមទាំងនគរបាលប៉ុស្តិ៍ត្រពាំង ក្រសាំងផងដែរ។
ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភូមិត្រពាំងអញ្ចាញ៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឈិត ជិនសីហា ហៅយ៉ា អាយុ៣១ឆ្នាំ មានប្រពន្ធ និងកូន២នាក់ ចំណែកបងប្រុសដែលជាជនរងគ្រោះឈ្មោះ ឈិត ជិនវិច្ឆិកា ហៅជីត អាយុ៣៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត មានប្រពន្ធ និងកូន២នាក់ ដែលរងរបួសបាក់ដៃឆ្វេង និងហូរឈាមពេញខ្លួន។ រីឯស្រ្តីជាម្ដាយ មិនបានប្រាប់ឈ្មោះទេ គ្រាន់តែដឹងថា ជាអតីតគ្រូបង្រៀនម្នាក់ ដែលចូលនិវត្តន៍ ហើយកំពុងមានជំងឺផងដែរ។
ស្ត្រីជាម្តាយបាននិយាយថា កន្លងមករាល់ពេលផឹកស្រវឹងម្ដងៗ កូនប្រុសដែលជាជនដៃដល់រូបនេះ តែងតែរករឿងជេរប្រមាថរូបគាត់ និងក្រុមគ្រួសារជាញឹកញាប់។ ដោយឡែកនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ កូនប្រុសម្នាក់នេះ បានផឹកស្រានៅខាងក្រៅ ហើយពេលស្រវឹង ទើបត្រឡប់ចូលផ្ទះ។ បន្ទាប់មកបានរករឿងជេរ ប្រមាថគម្រាមសម្លាប់គាត់ ជាម្ដាយរួម និងកូនប្រុស ហើយបានជេរបញ្ចោរស្រែកឡូឡា អស់ដេកអត់ពួននោះទេ។ រហូតដល់វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃកើតហេតុ ទើបឈប់ហើយចូលដេក ប៉ុន្តែភ្លឺមិនទាន់ទេ ក៏បានក្រោកជេរបន្តទៀត។
ជនរងគ្រោះបានបន្តថា លុះព្រឹកឡើងខណៈគាត់កំពុងដេក នៅក្នុងផ្ទះហើយកូនប្រុសរងគ្រោះ កំពុងអង្គុយដាក់ចំណីឲ្យមាន់ ស្រាប់តែជនដៃដល់កាន់ដំបងឈើ ដែលមានជាប់ដែកគោល ធ្វើសកម្មភាពវាយបណ្ដាល ឲ្យរងរបួសបែបនេះម្ដង។ ពេលនោះជនរងគ្រោះបានរត់ទៅឲ្យគាត់ជួយ ហើយគាត់បានបិទទ្វារផ្ទះ ទើបរួចខ្លួនផុតពីសេចក្ដីស្លាប់ បន្ទាប់មកជនដៃដល់ បានចាក់សោពីក្រៅបង្ខាំងគាត់ និងកូនប្រុសរងគ្រោះមិនឲ្យចេញទៅណាឡើយ។
មិនតែប៉ុណ្ណោះបានបិទទ្វាររបងផ្ទះ មិនឲ្យកូនរបស់គាត់ផ្សេងទៀត ចូលទៅជួយគាត់និងជនរងគ្រោះបាននោះទេ ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហើយគ្មាននរណាហ៊ានចូល ទៅជួយឡើយ ព្រោះកូនគាត់ ដែលជាជនដៃដល់បានកាន់ដំបង គម្រាមវាយបំបាក់ជើង បើហ៊ានចូលទៅជួយ។ រហូតកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ចុះទៅអន្តរាគមន៍ទើបចាប់ខ្លួនបាន រួចនាំខ្លួនទៅសាកសួរ នៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំចាត់ការតាមច្បាប់៕