(ភ្នំពេញ)៖ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal (KFA) បានប្រៀបធៀបដីតំបន់ផ្នែកខាងត្បូង និងផ្នែកខាងកើតឆៀង ខាងត្បូងរាជធានីភ្នំពេញ ដូចជាកូនក្រមុំមិនទាន់ផាត់ម្សៅ ដែលមានន័យថា ដីតំបន់នោះមានសក្តានុពល ដែលអាចនឹងនិយោគបាន។
ការលើកឡើងយ៉ាងដូច្នេះ របស់លោកឧកញ៉ា នួន រិទ្ធី បានធ្វើឡើងក្នុងឱកាសដែលលោកឧកញ៉ា អញ្ជើញចូលរួមក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់អង្គភាពព័ត៌មាន Fresh News ដើម្បីបកស្រាយជុំវិញ ប្រធានបទ ស្តីពី «ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា នាពេលបច្ចុប្បន្ន»។
ឧកញ៉ា នួន រិទ្ធី បានថ្លែងយ៉ាងដូច្នេះ «យើងឃើញថាសក្ដានុពល នៅក្នុងទីក្រុងភ្នំពេញ យោងទៅតាមយុទ្ធសាស្ដ្រ រាជរដ្ឋាភិបាល ជាពិសេសគឺក្រសួងរៀបចំដែនដី គឺបានបែងចែកស្ទើរតែគ្រប់ប៉ូលទាំងអស់ គឺតម្លៃអាចមានប្រហាក់ប្រហែលគ្នា ក៏ប៉ុន្ដែអ្វីដែលដូចជា កូនក្រមុំមិនទាន់ផាត់ម្សៅ គឺផ្នែកខាងត្បូងរាជធានីភ្នំពេញ ហើយក៏ដូចជាផ្នែកខាងកើត ឆៀងខាងត្បូង ដែលជាតំបន់មានសក្ដានុពល ហើយជាតំបន់លំនៅដ្ឋាន»។
លោកឧកញ៉ាបានបន្ដថា «យើងឃើញថា ដីមួយផ្ទាំងធំពីស្រុកគៀនស្វាយ រហូតដល់ព្រំដែនវៀតណាម គឺមិនមានចំងាយឆ្ងាយប៉ុន្មាននោះទេ ត្រឹមតែ៨០-៩០គីឡូម៉ែត្រ ដល់ព្រំដែនវៀតណាម... ជាពិសេសវិសាលភាពកន្លែងនោះ គឺល្អមែនទែន ត្រង់ថាមាន ទឹកអមជុំវិញ»។
ជាមួយគ្នានោះ ឧកញ៉ា នួន រិទ្ធី បានឲ្យដឹងថា បើក្រឡេកទៅតំបន់ដទៃឃើញថា ខាងផ្នែកអរិយក្សត្រ នៅមានសក្ដានុពលច្រើន ក៏ប៉ុន្ដែតម្លៃរៀងហក់ឡើងជាងខាងត្បូង ដោយសារតែអរិយក្សត្រ មានចំងាយជិតជាងផ្នែកខាងត្បូង។
លោកឧកញ៉ា នួន រិទ្ធី បានគូសបញ្ជាក់ថា «ដូច្នេះការវិនិយោគនៅអរិយក្សត្រ ខ្ញុំជឿថា បងប្អូនចង់វិនិយោគ ស្ទើរតែហួសពេលហើយ ចឹងយើងនៅមានឱកាសនៅផ្នែកខាងត្បូង និងខាងជើងច្រើន ព្រោះផ្នែកខាងលិច ក៏យើងសឹងតែអស់ទៅហើយ»៕