(មណ្ឌលគិរី)៖ ការដ្ឋានសាងសង់សួនឧទ្យានសែនមនោរម្យ ដែលគ្រោងចំណាយថវិកាប្រមាណជា១០លានដុល្លាអាមេរិក ត្រូវបានរៀបចំពិធីបើកការដ្ឋានសាងសង់ នៅលើបរិវេណដីអតីតព្រលានយន្តហោះចាស់ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ស្វាយ សំអ៊ាង ថ្លែងថា នេះជាឧទ្យានមួយយ៉ាងប្រណីត មានរចនាបទរបស់ខ្មែរ មានដាំដើមឈើចម្រុះ ទីលានហាត់កីឡា សំណង់វិមានឯករាជ្យ រូបសំណាងគង សំណាកឃ្លោក រូបសំណាក់សេះ មានប្រព័ន្ធបាញ់ទឹកលម្អដោយភ្លើងពណ៌ចម្រុះ ដាំដើមឈើ និងរុក្ខជាតិសំខាន់ៗ ដែលបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរបស់ខេត្ត ឲ្យសមស្របនឹងអាកាសធាតុ លើសពីនេះទៀត ក៏បង្ហាញពីវប្បធម៌ជនជាតិដើមភាគតិច និងអត្តសញ្ញាណជាតិ។
លោកអភិបាលខេត្ត បញ្ជាក់ថា ចំពោះការចំណាយជាក់ស្តែង អាជ្ញាធរខេត្តមិនអាចមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ដំណើរការសាងសង់ទេ ប៉ុន្តែដោយមានការសហការ និងជំនួយពីសប្បុរសជន ក្រុមហ៊ុននានា ទាំងជាតិ-អន្តរជាតិ ទើបខេត្តមានទុនសម្រាប់ធ្វើ ដោយមិនទាន់មានការចំណាយលើកញ្ចប់ថវិកា របស់ថ្នាក់ជាតិឡើយ។ ក្រៅពីនេះរាល់ការអភិវឌ្ឍសំណង់អគារថ្មីៗនៅសាលាខេត្ត ក៏ដូចអង្គភាពនានា បាននឹងកំពុងសាងសង់ថ្មីបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការ។
លោកអភិបាលខេត្តបន្ថែមថា ការសាងសង់សួនឧទ្យានសែនមនោរម្យនេះ ត្រូវបានធ្វើឡើងជាជំហានៗ ទៅតាមថវិកាដែលមាន តែមិនមែនទុកចោលឡើយ ដោយកំណត់យ៉ាងយូរប្រើពេលសង់២៤ខែឲ្យរួចរាល់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជនក្នុងតំបន់ ជាពិសេស បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តទៀតផងដែរ។
លោកឱ្យដឹងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំឱ្យប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្តបានណែនាំ និងជំរុញដល់មន្ទីរអង្គភាព ក៏ដូចជាវិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នាសាងសង់វិមានឯករាជ្យនេះ ឱ្យទទួលបានជោគជ័យ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ ហើយបន្តអភិវឌ្ឍន៍ ខេត្តមណ្ឌលគិរី ឱ្យប្រែមុខមាត់ថ្មីបន្ថែមទៀត។
សូមបញ្ជាក់ថា សួនឧទ្យានសែនមនោរម្យ ត្រូវបានសាងសង់នៅចំកណ្តាលបេះដូង ក្រុងសែនមនោរម្យ ហើយសួនច្បារដ៏ធំមួយនេះ មានបណ្ដោយ១២០០ម៉ែត្រ ទទឹងប្រវែង១០០ទៅ២០០ម៉ែត្រ ទៅតាមទំហំជាក់ស្ដែង លើផ្ទៃដី២០ហិចតា។ បច្ចុប្បន្ននេះ មន្ត្រីជំនាញបានធ្វើសកម្មភាពឈូសឆាយដី សម្រាប់ធ្វើសួនឧទ្យានជាតិ បានប្រមាណជា៧០០ម៉ែត្រ កំពុងសង់វិមានឯករាជ្យ នឹងបានដាំកូនឈើប្រណីត រាប់រយដើមរួចរាល់ផងដែរ៕