(ភ្នំពេញ)៖ សមាគមនិស្សតិកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានបន្ដផ្សព្វផ្សាយពីអាហាររូបករណ៍ ទៅសិក្សាក្នុងប្រទេសចិន ដល់និស្សិតកម្ពុជា បន្ទាប់ពីការផ្សព្វផ្សាយកន្លងទៅធ្វើឲ្យនិស្សិតកម្ពុជា ទទួលបានអាហាររូបករណ៍ទៅសិក្សាក្នុងប្រទេសចិនជាច្រើននាក់។
ការបន្ដផ្សព្វផ្សាយអំពីអាហារូបករណ៍នេះ ក៏មានការសហការពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កន្លងទៅសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន តែងតែសហការជាមួយសាកលវិទ្យាល័យជាច្រើននៅកម្ពុជាផងដែរ។
លោក ហេង ចាន់ហាក់ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិនឲ្យដឹងថា សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានសហការគ្នា ដើម្បីផ្ដល់ពុទ្ធិដល់សិស្សនិស្សិតបន្ថែមទៀត អំពីនិតិវីធីក្នុងការស្នើសុំអាហារូបករណ៍ និងទទួលបានជោគជ័យ ទៅសិក្សាក្នុងប្រទេសចិន។
លោកបន្ដថា ជាក់ស្ដែងក្នុងថ្ងៃនេះដៃគូទាំង២ បានរៀបចំសិក្ខាសាលាផ្ដោតសំខាន់លើ ការចែករំលែកបទពិសោធន៍នានាដល់និស្សិតកម្ពុជា ដើម្បីប្រាប់ពីគន្លឹះថា ពួកគាត់ត្រូវធ្វើយ៉ាងណា ដើម្បីទទួលបានអាហារូបករណ៍។ សិក្ខាសាលានេះ ជាការរៀបចំល្អបំផុត សម្រាប់បងប្អូននិស្សិតកម្ពុជា ព្រោះថា កន្លងមកបងប្អូននិស្សិតជាច្រើនមិនសូវទទួលបានព័ត៌មាន អំពីអាហារូបករណ៍នេះ បានច្រើននៅឡើយទេ។
លោកបន្ថែមថា សម្រាប់អាហារូបករណ៍ទៅសិក្សា ក្នុងប្រទេសចិនមិនតម្រូវថា ទល់តែនិស្សិតចេះភាសាចិននោះឡើយ ព្រោះអាហារូបករណ៍នេះ មាន២ប្រភេទគឺ៖ ១៖ ការសិក្សាជាភាសាចិន និង២៖ ការសិក្សាជាភាសាអង់គ្លេស ដែលមានន័យថា និស្សិតដែលចង់ទៅសិក្សាក្នុងប្រទេសចិន ត្រឹមតែចេះភាសាអង់គ្លេស ក៏អាចទទួលបានអាហារូបករណ៍បាន។
លោកបញ្ជាក់ថា សមាគមនៅតែបន្ដកៀរគរ និងចែករំលែកបទពិសោធន៍ល្អៗដល់និស្សិតកម្ពុជា ដើម្បីឲ្យពួកគាត់ទទួលបានអាហារូបករណ៍ ទៅសិក្សាប្រទេសចិនឲ្យបានគ្រប់គ្នា៕