(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ បានដាក់បញ្ជាមិនឲ្យមានការចតរថយន្ដ នៅលើចិញ្ចើមផ្លូវថ្មើជើង និងការ៉ូឡាទាំងសងខាងផ្លូវ តាមបណ្តោយមហាវិថីព្រះនរោត្តម ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងជាផ្លូវសម្រាប់ជនពិការ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ, លោក អែម សម្បត្តិ ប្រធានការិយាល័យសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ និងលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ សហការចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ជាមួយការិយាល័យសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការរៀបចំសណ្ដាប់ធ្នាប់ តាមបណ្តោយផ្លូវនេះ។
លោក សុខ ពេញវុធ បានបញ្ជាក់ថា ការហាមឃាត់ យានយន្ដគ្រប់ប្រភេទ មិនឲ្យមានការឈប់ចត នៅលើចិញ្ចើមផ្លូវថ្មើជើង និងការ៉ូឡាទាំងសងខាងផ្លូវ ខាងលើនេះ ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងជាផ្លូវសម្រាប់ជនពិការ។
ឈរលើស្មារតីនេះ រដ្ឋបាលខណ្ឌដូនពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ និងឯកជន ឬសាធារណៈជនទូទៅ ដែលបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ខាងលើនេះ ក្នុងការឈប់ចត យានយន្តគ្រប់ប្រភេទ ជ្រាបជាព័ត៌មាន។
រដ្ឋបាលខណ្ឌ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ គ្រឹះស្ថាន ស្ថាប័នពាក់ព័ន្ធ អាជីវករលក់រថយន្ត ក្រុមហ៊ុនឯកជន ចូលរួមអនុវត្តតាមការណែនាំខាងលើ ជាពិសេសដើម្បីចូលរួមចំណែកធ្វើ ឲ្យដងផ្លូវសាធារណៈ មានសោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរថែមទៀត៕