(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងថា នៅឆ្នាំ២០២០ខាងមុខនេះ ខេត្តស្វាយរៀង នឹងមានភ្លើងអគ្គិសនីគ្រប់ភូមិទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋបានភ្លើងប្រើប្រាស់ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។
ការថ្លែងបែបនេះ នៅពិធីបុណ្យមាឃបូជា ស្ថិតក្នុងវត្តសេកមាស ភូមិសេកយំ ឃុំពងទឹក ស្រុករំដួល នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលធ្វើឡើងក្រោមវត្តមានលោក ចាន់ កុលបុត្រ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ដែលទើបតែតែងតាំងថ្មីៗនេះ។
លោក រស់ ផារិទ្ធ បានបន្តទៀតថា «ដោយសារប្រទេសជាតិ យើងសុខសន្តិភាព និងស្ថេរភាពនយោបាយនេះហើយ ទើបយើងមានឱកាសអភិវឌ្ឍប្រទេសឲ្យរីកចម្រើនបាន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រតួយ៉ាងដូចខេត្តស្វាយរៀងសព្វថ្ងៃ មានរោងចក្រសហគ្រាសជាច្រើន ដែលអាចស្របយកកម្មករ-កម្មការិនីរាប់ម៉ឺននាក់ ក្នុងការបម្រើការងារ លើកកម្ពស់ជីវភាព បានមួយកម្រិតផងដែរ»។
អនុប្រធានក្រុមការងាររូបនេះ ក៏បានណែនាំដល់ប្រជាពលរដ្ឋ ឲ្យត្រូវចេះសន្សំសំចៃទឹកទុក ដោយក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តៅហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោល នៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវចាត់វិធានការថែរក្សាទឹក ទុកសម្រាប់ប្រើប្រាស់ផងដែរ។
លោក ចាន់ កុលបុត្រ បានថ្លែងលើកឡើងផងដែរថា ពិធីបុណ្យមាឃបូជា តែងតែត្រូវបានធ្វើឡើងនៅថ្ងៃ១៥កើត ខែមាឃ ជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យសាសនាមួយនេះ មានសារៈសំខាន់ណាស់ នៅក្នុងពុទ្ធិសាសនា ប្រហាក់ប្រហែល នឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា) ជាដើម។
បុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ចូលជាបុណ្យជាតិរបស់កម្ពុជាផងដែរ ដោយនៅថ្ងៃប្រារព្ធបុណ្យនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងវិស័យឯកជន ឈប់សម្រាកមួយថ្ងៃផងដែរ៕