(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឲ្យក្រុមហ៊ុន៥ វិនិយោគគម្រោងរបស់ខ្លួន ក្រោមទុនវិនិយោគ៦១៧.៦លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនប្រជាពលរដ្ឋបាន៩,៥៩៤កន្លែង។
Facebook របស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៥ ខ្លួនបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដូចខាងក្រោម៖
១៖ ក្រុមហ៊ុន KAI GAO PAPER INDUSTRY CO.,LTD. គម្រោងបង្កើតរោងចក្រផលិតម្ស៉ៅក្រដាស «Paper Pulp and Lignin» ពីឈើដាំដុះក្នុងស្រុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ១៧.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦១កន្លែង។
២៖ ក្រុមហ៊ុន TOP RISE MASTER INDUSTRY CO.,LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១០កន្លែង។
៣៖ ក្រុមហ៊ុន UNION CITY DEVELOPMENT GROUP CO.,LTD. គម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ “TEMI” រួមមាន៖ សណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៨០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម តារាងវាយកូនគោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត ចំណតកប៉ាល់ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំង វិនិយោគស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៥០០.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៥០កន្លែង។
៤៖ ក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៣០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨៨.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៥៩៨កន្លែង។
៥៖ ក្រុមហ៊ុន FULL EVER TEXTILES (CAMBODIA) COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៧៥កន្លែង៕