(ភ្នំពេញ)៖ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយជាង ៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ដើម្បីទៅដល់ឃុំថ្មដា គេត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ហើយពេលធ្វើដំណើរហួសទីរួមខេត្តប្រមាណ៦គីឡូម៉ែត្រ គេត្រូវបត់តាមផ្លូវជាតិលេខ៥៥ ដែលកំពុងសាងសង់ជិតរួចហើយនោះប្រមាណជា ១៨២គីឡូម៉ែត្រទៀត ទើបទៅដល់ស្រុកវាលវែង។
ស្រុកវាលវែងជាដែនដីជម្រករបស់ខ្មែរក្រហមផងដែរ ក្រោយពេលរបបរបស់ពួកគេត្រូវកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ លុះដល់ចុងទសវត្សរ៍ឆ្នាំ៩០ កងទ័ពខ្មែរក្រហមតំបន់នោះ ក៏បានធ្វើសមាហរណកម្មក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដូចនៅតំបន់ដទៃទៀតដែរ។ ស្រុកវាលវែង ក្នុងពេលខ្មែរក្រហមកាន់កាប់មានប្រជាពលរដ្ឋរស់នៅតិចតួចប៉ុណ្ណោះ ព្រោះផលលំបាកនៃការរស់នៅបង្កដោយការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលខ្មែរសម័យនោះ និងកងទ័ពព្រៃខ្មែរក្រហម។
លុះក្រោយពេលធ្វើសមាហរណកម្មក៏ចាប់ផ្តើមមានប្រជាពលរដ្ឋទៅតាំងទីលំនៅ និងចាប់ដីសម្រាប់ការរស់នៅ បង្កបង្កើនផលចិញ្ចឹមជីវិត។ ទោះបីជាសង្គ្រាមបានបិទបញ្ចប់ទាំងស្រុងយ៉ាងណាក្តីតែប្រជាពលរដ្ឋក្នុងស្រុកវាលវែងនៅតែបន្តរងផលលំបាកកើតចេញពីភ្លើងសង្គ្រាមដូចជាគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។ គ្រាប់យុទ្ធភ័ណ្ឌបន្សល់ពីសម័យសង្គ្រាមបង្កការរំខានដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ មួយវិញទៀតការមិនមានផ្លូវ ក៏ជាមូលហេតុធ្វើឲ្យស្រុកវាលវែង គ្មានការប្រតិព័ទ្ធសម្រាប់ប្រជាពលរដ្ឋនោះឡើយ។
អភិបាលស្រុកវាលវែង លោក ហេង សុភាណា បានរៀបរាប់ថា «តំបន់នេះពីដើមឡើយជាជម្រករបស់ខ្មែរក្រហម មានការប្រយុទ្ធគ្នាស្ទើររាល់ថ្ងៃ ហើយមួយវិញទៀតគ្មានផ្លូវគ្មានអីផងដូច្នេះមិនសូវមានប្រជាពលរដ្ឋណាគេមករស់នៅនោះទេ។ វាជាតំបន់មួយដ៏ស្ងប់ស្ងាត់»។
ក្រោមគោលនយោបាយធ្វើឲ្យតំបន់អតីតសមរភូមិសង្គ្រាមក្លាយជាតំបន់អភិវឌ្ឍន៍នោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចាប់ផ្តើមដាក់ចេញផែនការអភិវឌ្ឍន៍ស្រុកវែលវែងជាបន្តបន្ទាប់។ ដំបូងឡើយបានដាក់កងកម្លាំងបោសសំអាតមីន ដើម្បីយកដីជូនប្រជាពលរដ្ឋបង្កបង្កើនផល និងបញ្ជៀសគ្រោះថ្នាក់សម្រាប់ការរស់នៅ។
បន្ថែមពីលើនោះរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានកសាងផ្លូវមួយខ្សែបន្ថែមទៀត គឺផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ នៅជិតទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅតំបន់សមរភូមិសង្គ្រាមមួយនេះ រហូតដល់ច្រកព្រំដែនថ្មដា ជាប់ប្រទេសថៃ។ ការកសាងផ្លូវមួយខ្សែនេះមានផលលំបាកជាខ្លាំងដោយត្រូវធ្វើឆ្លងកាត់ជួរភ្នំទើបអាចភ្ជាប់ទៅកាន់តំបន់ព្រំដែនថ្មដាបាន។
បន្ថែមពីលើការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់ហើយនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់សិទ្ធិឲ្យក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព ធ្វើការអភិវឌ្ឍន៍នៅតំបន់ព្រំដែនថ្មដាទៅជាតំបន់សេដ្ឋកិច្ចពិសេសផងដែរនៅក្នុងឆ្នាំ២០១០។ ការផ្តល់សិទ្ធិវិនិយោគនៅតំបន់នេះ ក្នុងគោលបំណងប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់តែជាកន្លែងស្ងប់ស្ងាត់ និអជាតំបន់អតីតសមរភូមិសង្គ្រាមមួយនេះឲ្យទៅជាតំបន់សេដ្ឋកិច្ច និងការអភិវឌ្ឍ។
ការអភិវឌ្ឍន៍នៅតំបន់នេះបានជួបបញ្ហាជាច្រើន មានដូចជាការដឹកជញ្ជូនសម្ភារៈផ្សេងៗ ព្រោះពេលចាប់ផ្តើមអភិវឌ្ឍន៍មិនទាន់មានផ្លូវស្រួលដូចពេលបច្ចុប្បន្ននោះឡើយ ក្រុមហ៊ុនបានប្រឹងប្រែងឈូសឆាយភ្នំ ដើម្បីបានផ្លូវចូលទៅសាងសង់អគារផ្សេងៗ។ មួយវិញទៀតបញ្ហាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកក្នុងដីពីសម័យសង្គ្រាម ក៏ជាឧបសគ្គដ៏ធំមួយសម្រាប់ការអភិវឌ្ឍផងដែរ។
បន្ថែមពីលើនោះ ពេលអភិវឌ្ឍន៍នេះលើដីដែលរាជរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគនេះ បានប៉ះពាល់ជាមួយដីប្រជាពលរដ្ឋដែលបានចូលទៅកាប់ទន្ទ្រានចាប់យកបង្កបង្កើនផល និងសម្រាប់តាំងទីលំនៅផងដែរ។ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់បានគូសបញ្ជាក់ថា មានប្រជាពលរដ្ឋប្រមាណ ២៣គ្រួសារ បានប៉ះពាល់ជាមួយដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិវិនិយោគជូនទៅក្រុមហ៊ុនអ្នកឧកញ៉ា ទ្រី ភាព។ តែក្រោមកិច្ចខិតខំសម្របសម្រួលរវាងអាជ្ញាធរខេត្តដឹកនាំដោយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ជាមួយក្រុមហ៊ុននោះ បានដោះស្រាយជាបន្តបន្ទាប់។
បើតាមលោក ខូយ រីដា ដីមានផលប៉ះពាល់ ដែលដីខ្លះប្រជាពលរដ្ឋបានបង្កបង្កើនផលហើយនោះ ក្រុមហ៊ុនបានប្រមូលទិញពីប្រជាពលរដ្ឋ។ ដោយឡែកដីរបស់ប្រជាពលរដ្ឋប្រមាណ ១៥គ្រួសារទៀត ដែលមិនទាន់បង្កបង្កើនផល អាជ្ញាធរខេត្តបានសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន រកទីតាំងដីថ្មីនៅជិតតំបន់អភិវឌ្ឍន៍នោះចែកជូនជំនួសវិញ។ បច្ចុប្បន្នដីទាំងនោះកំពុងឈូសឆាយបង្កើតជាភូមិឋាន និងដោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើមសម្រាប់ប្រជាពលរដ្ឋតាំងទីលំនៅ។
«ទាំងអាជ្ញាធរដឹកនាំដោយឯកឧត្តមអភិបាលខេត្ត និងខាងក្រុមហ៊ុន យើងបានប្រឹងប្រែងដោះស្រាយរួមគ្នាជាមួយប្រជាពលរដ្ឋ។ ឥឡូវនេះយើងកំពុងឈូសឆាយរៀបចំដីដែលរាជរដ្ឋាភិបាលផ្តល់ឲ្យជូនទៅប្រជាពលរដ្ឋប្រមាណ ១៥គ្រួសារ ដែលបានប៉ះពាល់ក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុន»។ លោក ខូយ រីដា បញ្ជាក់។
សម្រាប់ការអភិវឌ្ឍន៍វិញរបស់ក្រុមហ៊ុនវិញ លោក ខូយ រីដា បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន។ លោកបានអះអាងថា ក្រោយពេលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលហើយនោះ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព បានចាប់ដៃគូជាមួយក្រុមហ៊ុនចិនជម្នះរាល់ឧបសគ្គនានានាអភិវឌ្ឍន៍ជាបន្តបន្ទាប់។ បច្ចុប្បន្នក្រុមហ៊ុនបានសាងសង់សណ្ឋាគារ អគារស្នាក់នៅ ឃ្លាំងស្តុកទំនិញ និងអគាររោងចក្រ សហគ្រាសផ្សេងៗទៀត។
លោក ខូយ រីដា បានបញ្ជាក់បែបនេះ «ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព គាត់បានប្រឹងប្រែងអភិវឌ្ឍន៍តំបន់នេះឲ្យក្លាយទៅជាតំបន់ទាក់ទាញមួយ ព្រោះកន្លែងថ្ងៃក្រោយយើងនឹងបើកជាច្រកព្រំដែនអន្តរជាតិ ហើយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញផង។ បច្ចុប្បន្នក្រុមហ៊ុនបានសាងសង់សណ្ឋាគារ និងអគារផ្សេងៗទៀតរួចរាល់ហើយ ហើយកំពុងតែធ្វើការអភិវឌ្ឍន៍បន្តទៀត»។
ដោយឡែកអភិបាលស្រុកវាលវែង លោក ហេង សុភាណា បានឲ្យដឹងថា ក្រោមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអ្នកឧកញ៉ា ទ្រី ភាព បានធ្វើឲ្យតំបន់ថ្មដា ដែនដីអតីតសមរភូមិប្រយុទ្ធ កន្លែងស្ងប់ស្ងាត់កម្រមានប្រជាពលរដ្ឋទៅដល់នេះ កំពុងក្លាយជាកន្លែងអន្ទង់ដួងចិត្ត និងទាក់ទាញប្រជាពលរដ្ឋពីតំបន់ផ្សេងៗឲ្យទៅកាន់តំបន់នោះ។ ដោយអ្នកខ្លះទៅទិញដីសង់លំនៅឋាន និងខ្លះទៀតទៅទិញធ្វើចំការជាដើម ជាហេតុធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅស្រុកវាលវែងមានភាពប្រសើរឡើង។
សូមបញ្ជាក់ច្រកព្រំដែនថ្មដានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ព្រមព្រៀងគ្នាបង្កើតទៅជាច្រកព្រំដែនអន្តរជាតិផងដែរ។ បច្ចុប្បន្នភាគីទាំងពីរកំពុងរៀប និងចរចារៀបចំបែបបទ និងនីតិវិធីផ្សេងៗ៕