(ព្រះវិហារ)៖ ថ្លែងទៅកាន់លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទ មកពីទីជិតទីឆ្ងាយក្នុងពិធីបុណ្យមាឃបូជានៅវត្តពោធិ៍៥០០០ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ត្រូវចូលរួមថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្យដើម្បីយើងមានឱកាសបានជួបជុំគ្នា កសាងប្រទេសជាតិមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
លោក អ៊ុន ចាន់ដា ថ្លែងថា ការជួបជុំគ្នាក្នុងថ្ងៃនេះ ប្រកបដោយទឹកមុខសប្បាយរីករាយ គឺបានមកពីកត្តាប្រទេសជាតិយើងមានសុខសន្តិភាព បើសិនជាប្រទេសជាតិយើងមិនមានសុខសន្តិភាពទេ យើងក៏មិនមានឱកាសបានជួបជុំគ្នាធ្វើបុណ្យទានជាមួយគ្នាដូចពេលនេះដែរ។ យ៉ាងណាមិញដូចជា របបប៉ុលពត ដែលយើងទាំងអស់គ្នាបានឆ្លងកាត់យ៉ាងវេទនានោះ សួរថា តើយើងមានឱកាសបានជួបជុំគ្នាអញ្ចឹងទេ?
លោកអភិបាលខេត្ត បានបន្តទៀតថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសុខសន្តិភាពកើតមានពេញផ្ទៃប្រទេស ធ្វើឲ្យប្រជាពលរដ្ឋ បានទទួលផលប្រយោជន៍យ៉ាងច្រើនពីសុខសន្តិភាព។ សម្រាប់ខេត្តព្រះវិហាររបស់យើងក៏ដូច្នោះដែរ មានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិសយ័រួមមាន៖ វត្តអរ៉ាម ផ្លូវថ្នល់ សាលារៀន....ជាដើម។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើង ជួយថែរក្សាសុខសន្តិភាពនេះឲ្យនៅគង់វង្យយូរអង្វែងតទៅទៀត ដើម្បីឲ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនជាងនេះ»។
សូមជំរាបថា ពិធីបុណ្យមាឃបូជាប្រារព្ធឡើងនៅថ្ងៃទី១៥កើត ខែមាឃ ជារៀងរាលឆ្នាំ ក្នុងគោលបំណងពីរគឺ៖ ទី១- ដើម្បីរំលឹកដល់ថៃ្ងចតុរង្គសន្និបាត ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ និងទី២- ដើម្បីរំលឹកដាក់អាយុសង្ខារ នៃការចូលព្រះបរិនិព្វានរបស់ទ្រង់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យ សមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។
រីឯការប្រកាសដាក់អាយុសង្ខារនៃការចូលព្រះបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធ ត្រូវបានព្រះអង្គធ្វើឡើងតាមការអារាធនា (ស្នើសុំ) របស់មារ (យក្ស)។ តាមសៀវភៅ «ឈ្វេងយល់មាឃបូជា» របស់ធម្មបណ្ឌិត ហេង មណីចិន្តា បានសរសេរពីការអារាធនារបស់មារ ដោយមារបាននិយាយទៅកាន់ព្រះសម្មាសម្ពុទ្ធថា «បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគបរិនិព្វានទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះជាកាលគួរសមនឹងបរិនិព្វាន របស់ព្រះដ៏មានព្រះភាគហើយ»។
ព្រះសម្មាសម្ពុទ្ធ បាននិទានប្រាប់ព្រះអានន្ទថា «ម្នាលអានន្ទ កាលបើក្រុងមារបាននិយាយយ៉ាងនេះហើយ តថាគតក៏បានពោលពាក្យនេះ ទៅនឹងក្រុងមារមានចិត្តបាបថា «ម្នាល់មារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វាយខ្វល់តិចចុះ ការបរិនិព្វានរបស់តថាគតមិនយូរប៉ុន្មានទេ កន្លទៅ៣ខែអំពីថ្ងៃនេះតទៅ តថាគតនឹងបរិនិព្វានហើយ។ ម្នាលអានន្ទ ក្នុងថ្ងៃនេះតថាគតមានសតិសម្បជញ្ញៈ បានដាក់អាយុសង្ខារក្នុងបាវាលចេតិយ អម្បាញ់មិញនេះឯង»។
ពិធីបុណ្យមាឃបូជា តែងតែត្រូវបានធ្វើឡើងនៅថ្ងៃ១៥កើត ខែមាឃ ជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យសាសនាមួយនេះ មានសារៈសំខាន់ណាស់នៅក្នុងពុទ្ធិសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)ជាដើម។ បុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ចូលជាបុណ្យជាតិរបស់កម្ពុជាផងដែរ ដោយនៅថ្ងៃប្រារព្ធបុណ្យនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងវិស័យឯកជន ឈប់សម្រាកមួយថ្ងៃផងដែរ៕