(ភ្នំពេញ)៖ សមាគមពាណិជ្ជកម្មរបស់ប្រទេសចិនមួយទៀតមានឈ្មោះថា «សាកលជីងភរកម្ពុជា» ត្រូវបានដាក់សម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងគោលបំណងដើម្បីបង្កើត និងពង្រឹងកិច្ចទំនាក់ទំនង ព្រមទាំងសហការសាមគ្គីភាពរបស់ជនជាតិជីងភរ (ជនជាតិចិនភាគតិច) ក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ក៏ដូចជាជំរុញដល់ទំនាក់ទំនងវប្បធម៌ និងកិច្ចការពាណិជ្ជកម្ម រវាងជនជាតិជីងភរ និងជនជាតិដទៃទៀតជុំវិញពិភពលោក។
ថ្លែងក្នុងពិធីដាក់សម្ពោធខាងលើនេះ លោក Dong le Cheng ប្រធានសមាគមពាណិជ្ជកម្ម «សាកលជីងភរកម្ពុជា» បានឲ្យដឹងថា គោលការណ៍ចម្បងនៃការបង្កើត និងដំណើរការរបស់សមាគម គឺដើម្បីប្រមូលផ្តុំគំនិត ពង្រឹងកិច្ចទំនាក់ទំនង បង្កើនការសហការណ៍ និងជំរុញដល់ការអភិវឌ្ឍន៍។
លោក Dong le Cheng បានបន្ថែមទៀតថា ជនជាតិជីងភរ គឺជាប្រជាជាតិ ដែលមានប្រវត្តិសាស្ត្រយូរអង្វែង និងមានភាសា និងអក្សរផ្ទាល់ខ្លួន។ លោក Dong le Cheng បានបន្ថែមថា ពួកគេមានដើមកំណើត នៅផ្នែកខាងត្បូង នៃតំបន់ខ្ពង់រាបឈីងហៃ-ទីបេ នៅប្រទេសចិន។
លោកបន្ដថា ក្នុងនោះមានជនជាតិចំនួនប្រាំមួយ «ជីងភរ» «ចាយវ៉ា» «ឡឺឆឺ» «ឡំាងអឺ» «ប៉ូឡា» និង «លីស៊ូ»។ លោកថា ជនជាតិជីងភរ នៅទូទាំងពិភពលោក មានប្រមាណជាង២លាននាក់ ភាគច្រើនប្រមូលផ្តុំ នៅក្នុងប្រទេសចិន យូណានតឺហុង ប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌាអាស្សាម និងមានមួយចំនួនតូចទៀត នៅដូចជា ទ្វីបអឺរ៉ុប អាមេរិក និងប្រទេសដទៃទៀត នៅអាស៊ីអាគ្នេយ៍។
អត្តសញ្ញាណរបស់ជនជាតិជីងភរ គឺមានភាពក្លាហានរឹងមាំ ភាពស្វិតស្វាញ ឧស្សាហ៍ព្យាយាម និងការតាំងចិត្ត ពិធីបុណ្យប្រពៃណីដ៏ធំជាងគេ របស់ជនជាតិជីងភរ គឺជា «ពិធីរាំច្រៀង មូណាវ» ដែលមានអ្នកចូលរួមជាតិមួយម៉ឺននាក់។ នេះជាការបញ្ជាក់បន្ថែម របស់លោក Dong le Cheng។
លោកបានគូសបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ សេដ្ឋកិច្ចប្រទេសកម្ពុជា មានការរីកចំរើនយ៉ាងឆាប់រហ័ស គោលនយោបាយលើកទឹកចិត្ត លើការវិនិយោគដ៏បើកចំហរ នៅតំបន់អាស៊ីអាគ្នេយ៍ បានទាក់ទាញអ្នកវិនិយោគជាច្រើន មកពីទូទាំងពិភពលោក។ ការបង្កើតឡើង នៃសមាគមពាណិជ្ជកម្មសាកលជីងភរកម្ពុជា នឹងជួយជំរុញឲ្យសហគ្រាសកាន់តែច្រើន មកវិនិយោគនៅកម្ពុជា ចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៕