(ភ្នំពេញ)៖ សន្ទុះនៃការពុះដីឡូតិ៍លក់នៅពេលបច្ចុប្បន្ននេះ បាននិងកំពុងផុសផុលយ៉ាងខ្លាំង នៅក្នុងសង្គមកម្ពុជា។ ដើម្បីជាពុទ្ធិក្នុងជួយឲ្យប្រជាពលរដ្ឋ ដែលមានបំណងចង់ទិញដីឡូតិ៍ ទុកសម្រាប់ធ្វើលំនៅឋាន ប្រកបអាជីវកម្ម ឲ្យបានត្រឹមត្រូវនោះ អង្គភាពព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកជំនាញ ក្នុងវិស័យអចលនទ្រព្យដ៏ល្បីឈ្មោះមួយរូប គឺលោកឧកញ៉ា នួន រិទ្ធី ដើម្បីឲ្យលោកចែករំលែក នូវព័ត៌មានស្តីពីការជ្រើសរើសដីឡូតិ៍ឲ្យបានល្អ ការពារហានិភ័យនានា ដែលអាចកើតមានឡើយ។

អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal (KFA) រូបនេះ បានលើកឡើងថា ដើម្បីសម្រេចចិត្តទិញបងប្អូនប្រជាពលរដ្ឋ ត្រូវពិនិត្យមើលចំណុច៣ គឺ ទី១៖ទីតាំង ទី២៖ អ្នកអភិវឌ្ឍន៍ និងទី៣៖ ឯកសារគតិយុត្តិ។ ចំពោះទីតាំង គឺត្រូវដឹងថាតើ គម្រោងដីឡូតិ៍នោះ មានហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ប្រព័ន្ធលូ ហើយឬនៅ?។ ចំពោះអ្នកអភិវឌ្ឍន៍ គឺត្រូវដឹងថា អ្នកអភិវឌ្ឍន៍នោះមានច្បាប់ទម្លាប់ត្រឹមត្រូវ និងគោរពតាមការបទដ្ឋានរបស់អាជ្ញាធរ ឬក្រសួងបានកំណត់ដែរអត់?។ ចំពោះឯកសារគតិយុត្តិវិញ គឺត្រូវដឹងពីដីនោះថា តើជាប្រភេទដីរបៀបណា មានប្លង់រឹងហើយ ឬនៅ? បើមិនមានប្លង់រឹងទេនោះ ត្រូវមានការទទួលដឹងឮ ពីមន្ត្រីឃុំសង្កាត់ និងមានការចូលរួមចុះវាស់វែង ដោយមន្ត្រីសុរិយោដីផងដែរ ទើបប្រាកដក្នុងចិត្ត។

លោកឧកញ៉ាលើកឡើងថា ការពុះដីឡូតិ៍ច្រើនពេកក៏ជាឧបសគ្គក្នុងការអភិវឌ្ឍន៍ផងដែរ ប្រសិនបើការពុះដីឡូតិ៍នោះ មិនបានគោរពតាមគោលការណ៍ច្បាប់របស់ក្រសួងរៀបចំដែនដី និងអាជ្ញាធរដែលនាំឲ្យមានបញ្ហាទៅថ្ងៃក្រោយ៕

សូមទស្សនាវីដេអូទាំងស្រុង៖