(ព្រះវិហារ)៖ អំណោយជាថវិកា និងសម្ភារជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបានខេត្តព្រះវិហារ ត្រូវបានយកទៅប្រគល់ជូនដល់ដៃ ស្ត្រីមេម៉ាយ ដែលមានជីវភាពខ្វះខាតមួយគ្រួសារ រស់នៅភូមិទឹកលិច ឃុំស្អាង ស្រុកជយ័សែន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលត្រូវចំថ្ងៃបុណ្យមាឃបូជា ដែលជាបុណ្យសាសនាដ៏ធំបំផុតរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកវរសេនីយ៍ទោ រិទ្ធ សូណា អធិការរងស្រុកជ័យសែន ខេត្តព្រះវិហារ បានថ្លែងថា ថ្ងៃនេះរូបលោក មេឃុំស្អាង និងនាយកសាលា បាននាំអំណោយមនុស្សធម៌របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា យកមកប្រគល់ជូនដល់ដៃលោកយាយ ម៉ែន ឈិន ដែលជាស្ត្រីមេម៉ាយមានជីវភាពក្រីក្ររស់នៅភូមិឃុំខាងលើ។
លោក រិទ្ធ សូណា បានពាំនាំការសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះវិហារ ជូនចំពោះលោកយាយ ដែលជាស្ត្រីមេម៉ាយនោះផងដែរ។
អំណោយនេះ បានបង្ហាញឲ្យឃើញពីទឹកចិត្តមេត្តាធម៌ប្រកបដោយក្តីអាណិតអាសូររបស់លោកស្នងការ ចំពោះស្ត្រីមេម៉ាយខាងលើនេះ ហើយស្របនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវចូលរួមចំណែកយ៉ាងសកម្ម កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋខ្មែរយើង៕