(កំពង់ស្ពឺ)៖ តាំងពីព្រឹកព្រលឹមនាថ្ងៃ១៥កើត ខែមាឃ ឆ្នាំច ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោកស្រីបណ្ឌិត សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមទាំងព្រះសង្សជាង៣០០អង្គ និងមានការចូលរួមពីសំណាក់មន្ត្រីរាជការគ្រប់មន្ទីរ អង្គភាព ពុទ្ធបរិស័ទ្ធជិតឆ្ងាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង ៣០០០អង្គ/នាក់ បាននាំគ្នាប្រារព្ធពិធីដ៏ធំមួយគឺបុណ្យ «មាឃបូជា» ក្នុងវត្តម្យុំខាងជើងស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺយ៉ាងមហោឡារឹក។
លោក វ៉ី សំណាង បានថ្លែងដោយមោទនភាពថា ដោយសារតែប្រទេសមានសុខសន្តិភាព មានសេរីភាពពេញលេញ ទើបការគោរពសាសនា ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយចំពោះសិទ្ធិ នៃការគោរពសាសនា។ មិនតែប៉ុណ្ណោះមួយរយៈចុងក្រោយនេះ តាមបណ្តាវត្តអារាមក្នុងខេត្ត មានការរីកចម្រើនយ៉ាងខ្លាំងវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនារបស់កម្ពុជាយើង ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនគោរព។
លោកអភិបាលខេត្ត បន្តថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រទេសកម្ពុជាទាំងមូលគ្មានជម្លោះសាសនាឡើយ មិនតែប៉ុណ្ណោះសាសនាទាំងអស់ចេះសាមគ្គីគ្នា ស្រឡាញ់គ្នា និងគោរពគ្នា មិនប្រកាន់សាសនាអ្វីនោះឡើយនេះដោយសារតែរាជរដ្ឋាភិបាល បើកសិទ្ធិសេរីពេញលេញចំពោះវិស័យសាសនា ដែលជាសាសនារបស់រដ្ឋ។
សូមរំល័កថា ឲ្យតែដល់ថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ម្ដងៗ ពុទ្ធសាសនិក ដែលកាន់ព្រះពុទ្ធសាសនាតែងតែនាំគ្នា ប្រារព្ធពិធីដ៏ធំមួយគឺហៅថាបុណ្យ «មាឃបូជា»។ ពិធីនេះគឺជាឱកាសឲ្យពុទ្ធសាសនិករំឭកដល់ព្រឹត្តិការណ៍សំខាន់មួយចំនួន ដែលបានកើតឡើងនៅក្នុងសម័យពុទ្ធកាល។ ពិធីបុណ្យមាឃបូជា ជាទូទៅត្រូវពុទ្ធបរិស័ទ ឬអ្នកកាន់ព្រះពុទ្ធសាសនាប្រារព្ធធ្វើនៅតាមវត្តអារាម ឬមួយធ្វើនៅឯព្រះសក្យមុនីចេតិយ ជាទីតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធតែម្តង។
អ្នកសិក្សាស្រាវជ្រាវផ្នែកព្រះពុទ្ធសាសនាបញ្ជាក់ថា ថ្ងៃមាឃបូជា គឺជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងព្រះពុទ្ធសាសនា ឬកាលដ៏អស្ចារ្យមួយដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ កាលពីទ្រង់នៅមានព្រះជន្មាយុនៅឡើយ។
ថ្ងៃមាឃបូជា គឺរំឭកទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារ៖ «ជាព្រឹត្តិការណ៍ដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារ បានន័យថា កំណត់ពេលបរិនិព្វាន នៅពេលដែលមារបានទៅអារាធនាព្រះអង្គក៏បានទទួលយល់ព្រមជាមួយនឹងមារ អ៊ីចឹងនៅ ៣ខែទៀតតថាគតនឹងបរិនិព្វាន»។
ថ្ងៃមាឃបូជាក៏ជាថ្ងៃរំលឹកទៅដល់ពេលដែលព្រះពុទ្ធអង្គ សម្ដែងនូវឱវាទបាតិមោក្ខប្រទានដល់ព្រះភិក្ខុសង្ឃជាអរហន្តទាំង ១.២៥០អង្គ ដែលបានមកចូលរួមចតុរង្គសន្និបាត៖ «កាលនោះព្រះអង្គទ្រង់សម្ដែងឱវាទបាតិមោក្ខ ព្រោះតែកាលណាគ្រាន់តែព្រះអង្គនឹងឃើញថា ចង់សម្ដែងបាតិមោក្ខ គឺចង់ជួបនឹងពួកភិក្ខុ ពេលនោះព្រះអរហន្តទាំង ១២៥០អង្គ សុទ្ធតែជាព្រះអរហន្តលោកនិមន្តមកដោយពុំមានអ្នកនិមន្តទេ បានន័យថា បានមកដល់ភ្លាម»។
ចំពោះការប្រជុំចតុរង្គសន្និបាត ជាកាលដ៏អស្ចារ្យ ពីព្រោះការប្រជុំនោះ គឺប្រកបដោយអង្គ៤ ដែលរួមមាន អង្គទី១ គឺពេលនោះជាថ្ងៃឧបោសថសីលមានព្រះចន្ទពេញវង់ ថ្ងៃ ១៥កើតជាថ្ងៃពេញបូណ៌មី ខែមាឃ។ អង្គទី២ ព្រះភិក្ខុសង្ឃសាវ័កដែលបានមកចូលរួមចតុរង្គសន្និបាតទាំង ១.២៥០អង្គនោះ គឺបាននិមន្តមកពីទិសទាំង៤ ដោយមិនបានកំណត់ពេលគ្នា ឬក៏ផ្ដល់ដំណឹងណាត់ទុកជាមួយគ្នាអ្វីមុនទាល់តែសោះ ក៏ស្រាប់តែដល់ថ្ងៃនោះ បាននិមន្តមកព្រមៗគ្នាតែម្ដង។
អង្គទី៣ ព្រះភិក្ខុសង្ឃទាំងអម្បាលម៉ាននោះ សុទ្ធសឹងតែជាព្រះអរហន្ត ឬជាបុគ្គលដែលបានសម្រេចអរហត្ត ប្រាសចាករាគៈ (លោភៈ) ទោសៈ មោហៈ ជាអ្នកសម្រេចនូវអភិញ្ញា៦ ឬមានចំណេះដឹងយ៉ាងខ្ពស់ក្នុងលោកុត្តរធម៌នៃព្រះពុទ្ធសាសនា។ ចំណែកអង្គទី៤ គឺព្រះភិក្ខុសង្ឃ ១.២៥០អង្គនោះ សុទ្ធតែជាឯហិភិក្ខុ ដូចគ្នាទាំងអស់។ ដែលហៅថា ឯហិភិក្ខុ គឺជាភិក្ខុដែលបំបួសឡើងដោយព្រះសម្មាសម្ពុទ្ធផ្ទាល់ ហើយពេលបំបួសនោះ គឺមានស្បង់ចីវរបានប្រាកដឡើងដោយឯកឯង ហើយការកាត់កោរសក់ កោរពុកមាត់ ពុកចង្កា ក៏កើតឡើងដោយឯកឯងដែរ ដោយអំណាចនៃបុណ្យបារមីរបស់ព្រះភិក្ខុសង្ឃទាំងនោះ ដែលបានធ្វើសន្សំទុកមកជាច្រើនជាតិ៕
ក្នុងថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជានេះ ពុទ្ធសាសនិកនៅកម្ពុជា ភាគច្រើនបានធ្វើចង្ហាន់ដើម្បីប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា។ ស្របគ្នានេះ ពុទ្ធបរិស័ទនៅតាមវត្តអារាមមួយចំនួនក៏បានដង្ហែក្បួនដាក់បង្ហាញគំនូរដែលនិយាយពីពុទ្ធប្រវត្តិ