(ភ្នំពេញ)៖ មហោស្រពទស្សនីយភាពរបាំ «សណ្តែកក្រហមប្រទេសចិន ភាគខាងត្បូង» ក្នុងសប្ដាហ៍វប្បធម៌ខេត្តជាំងស៊ូ យល់ដឹងពីប្រទេសចិន ត្រូវបានដាក់សម្ពោធ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលពីសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, លោក ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន និងអ្នកពាក់ព័ន្ធជាច្រើនរូប។
ថ្លែងក្នុងពិធីនោះ ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានលើកឡើងថា ឆ្នាំ២០១៩នេះ គឺជាឆ្នាំដ៏ប្រពៃបន្ថែមមួយកម្រិតទៀត នៃមិត្តភាពដែកថែប រវាងកម្ពុជានិងចិន ដែលប្រមុខដឹកនាំ នៃប្រទេសទាំងពីរ បានកំណត់យកថា ជាឆ្នាំវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន។
លោក ឯក សំអុល បានបន្ថែមទៀតថា ឆ្នាំ២០១៩ ក៏ជាការចាប់ផ្តើមនៃគីឡូម៉ែត្រថ្មី នៃសករាជទំនាក់ទំនងរវាងកម្ពុជា-ចិន លើការបន្សាំយុទ្ធសាស្ត្រខ្សែក្រវាត់១ ផ្លូវ១ និងយុទ្ធសាស្រ្តចតុកោណ។ លោកបន្តថា វិនិយោគិន និងទេសចរចិន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងពង្រឹងពង្រីកថែមទៀត នូវចំណងទាក់ទងជាមេត្រីភាព និងមិត្តភាពរវាងប្រជាជាតិទាំងពីរ ដែលមានតាំងពីបុរាណកាលមក។
ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អ និងអ្នកជិតខាងល្អនឹងគ្នា ដោយថ្មីៗនេះ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន បានជួបជាមួយមេដឹកនាំចិន និងបានឈានដល់ការមូលមតិគ្នាជាថ្មី លើការអភិវឌ្ឍបន្ថែមទៀត នូវភាពជាដៃគូកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រលើគ្រប់ វិស័យរវាងប្រទេសទាំងពីរ។
លោក វ៉ាង វិនធាន បន្តទៀតថា ឆ្នាំ២០១៩នេះ គឺជាឆ្នាំទេសចរណ៍វប្បធម៌ កម្ពុជា-ចិន តាមរយៈលើកកម្ពស់សកម្មភាព ជាបន្តបន្ទាប់ដូចជា វប្បធម៌ កីឡា ទេសចរណ៍ និងការផ្លាស់ប្តូរយុវជនជាដើម។ លោកបានបញ្ជាក់ថា មិត្តភាពជាប្រពៃណី និងការពង្រីកការផ្លាស់ប្តូរ រវាងប្រជាជនប្រទេសទាំងពីរ បានជំរុញដល់ភ្ញៀវទេសចរចិន កាន់តែច្រើនមកកាន់ប្រទេសកម្ពុជា ជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ទស្សនីយភាពរបាំ «សណ្តែកក្រហមប្រទេសចិន ភាគខាងត្បូង» ចាប់ផ្តើមសម្តែងពីថ្ងៃទី១៧-២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមាននៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ក្នុងគោលបំណង ឆ្លើយតបទៅនឹងគំនិត ផ្តួចផ្តើមយុទ្ធសាស្ត្រ «ផ្លូវមួយ ខ្សែក្រវ៉ាត់» ក៏ដូចជាបង្កើនការយល់ដឹង នៃវប្បធម៌រវាងប្រទេសចិន និងកម្ពុជា៕