(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បន្ដផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ដល់ប្រទេសកម្ពុជា សរុបជាង៤៣លានដុល្លារអាមេរិក សម្រាប់គម្រោងធំៗចំនួនពីរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមសេចក្ដីប្រកាសព័ត៌មាន ជំនួយរបស់រដ្ឋាភិបាលជប៉ុននេះ នឹងត្រូវចុះហត្ថលេខានៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ស្អែកនេះ រវាងឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ការចុះហត្ថលេខាលើ លិខិតប្តូរសារស្តីពីការបន្តការគាំទ្ររបស់រដ្ឋាភិបាលជប៉ុន សម្រាប់អនុវត្តគម្រោងពីររួមមាន៖
*ទី១៖ ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប៣,៥៩៩ លានយ៉េន (ប្រមាណ៣១.៥៦លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ជំហានទី២»។
*ទី២៖ ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុប ១,៣៤០ លានយ៉េន (ប្រមាណ ១១.៨លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនី នៅកំពង់ផែ ដើម្បីការធ្វើទំនើបកម្មកំពង់ផែ»។
កញ្ចប់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដោយរាជរដ្ឋាភិបាលជប៉ុន ដើម្បីលើកកម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា៕