(ភ្នំពេញ)៖ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា CUS ដែលជាសាកលវិទ្យាឈានមុខមួយលើការបណ្តុះបណ្តាលនៅកម្ពុជា បានសម្រេចបើកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយសាកលវិទ្យាល័យ SHINHAN របស់ប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងពង្រឹង និងពង្រីកគុណភាពអប់រំជូននិស្សិតឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ពិធីចុះហត្ថលេខាបើកកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ជាមួយសាកលវិទ្យាល័យ SHINHAN បានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ស្តើង សុខុម ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ។
ក្នុងមតិស្វាគមន៍របស់លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការសាកលវិទ្យាល័យ CUS បានលើកឡើងថា ក្នុងបេសកកម្មអប់រំរយៈពេលជាង១៧ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យបានខិតខំប្រឹងប្រែងគ្រប់សកម្មភាពទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ផ្នែករឹង សេវាកម្មគាំទ្រ បរិស្ថានសិក្សា គុណភាពបង្រៀន និងគុណភាពរៀនក្នុងគោលបំណងសម្រេចឲ្យបាននូវការកសាងមូលធនបញ្ញាប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈល្អប្រពៃសម្រាប់និស្សិតរបស់ខ្លួន។
លោកបន្តថា CUS ជាសាកលវិទ្យាល័យធំមួយក្នុងចំណោមសាកលវិទ្យាល័យធំៗនៅកម្ពុជាដែលមានទីតាំង និងសាខាជាច្រើន។ ២ទីតាំង នៅរាជធានីភ្នំពេញ និងសាខាខេត្តចំនួន៦ រួមមានខេត្ត កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។ CUS ទទួលបានការនិយមគាំទ្រខ្ពស់ពីសំណាក់អ្នកសិក្សា។
តាមរយៈការចុះកិច្ចព្រមព្រៀងនេះសាកលវិទ្យាល័យទទួលបានឱកាសសំខាន់ៗដូចជាការផ្តល់អាទិភាពអាហារូបករណ៍ និងសម្របសម្រួលសំណុំឯកសារក្នុងការផ្តល់ការសិក្សានៅប្រទេសកូរ៉េ ការផ្ទេរក្រេឌីត ការផ្លាស់ប្តូរនិស្សិត ការផ្លាស់ប្តូរសាស្រ្តាចារ្យ និងការសិក្សាស្រាវជ្រាវ ការប្រើប្រាស់រួមគ្នានៃសម្ភារបរិក្ខា និងធនធាន តាមរយៈបណ្ណាល័យអេឡិចត្រូនិក ការផ្តល់តម្លៃស្មើគ្នាលើគុណភាពរៀន និងបង្រៀន ការផ្តល់តម្លៃស្មើគ្នាលើសញ្ញាបត្រ។
លោកបណ្ឌិត SUH GAB-WON សាកលវិទ្យាធិការសាកលវិទ្យាល័យ SHINHAN បានធ្វើបទឧទ្ទេសនាមពីប្រវត្តិរបស់សាកលវិទ្យាល័យ និងចំណុចប្រសព្វរវាងកម្មវិធីសិក្សាព្រមទាំងសាកលវិទ្យាល័យទាំងពីរ និងបានសន្យាពង្រឹងទំនាក់ទំនងជាមួយសាកលវិទ្យាល័យក្នុងការផ្លាស់ប្តូរបទពិសោធន៍រវាងសាកលវិទ្យាល័យទាំងពីរ បង្កើតនូវកម្មវិធីមួយចំនួនទៀតប្រហាក់ប្រហែលទៅនឹងកម្មវិធីផ្លាស់ប្តូរការសិក្សា ដូចជាកម្មវិធីអញ្ជើញគណៈគ្រប់គ្រង សាស្ត្រាចារ្យរបស់សាកលវិទ្យាល័យ CUS ទៅធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ SHINHAN។
លោកបណ្ឌិត ស្តើង សុខុម បានកត់សម្គាល់ថា ការចុះអនុស្សារណៈយោគយល់នេះមានអត្ថប្រយោជន៍បន្ថែមមួយទៀតសម្រាប់ភាពរឹងមាំនៃសាកលវិទ្យាល័យលើផ្នែកទំនាក់ទំនងអន្តរជាតិ និងផ្តល់ឱកាសដល់និស្សិតកាន់តែងាយស្រួលក្នុងការបន្តការសិក្សានៅក្រៅប្រទេស បង្កើនទំនុកចិត្តជាងមុនលើការបណ្តុះបណ្តាលនិស្សិត។
លោកបន្តថា សាកលវិទ្យាល័យនឹងបន្តការជជែកពាក់ព័ន្ធការពង្រឹង ការផ្លាស់ប្តូរវាគ្មិន ទៅវិញទៅមកផងដែរដើម្បីជាការផ្តល់ចំណេះដឹងថ្មីៗទៅដល់និស្សិត។
«នេះដោយសារការរៀនសូត្រនាំឲ្យយើងយល់ដឹងអំពីសភាពការណ៍ដែលខ្លួនឯងកំពុងប្រព្រឹត្តិ និងកំពុងប្រឈម បានស្វែងយល់អំពីដំណើរការផ្សេងៗលើពិភពលោក អំពីសង្គម និងអំពីគូប្រគួតប្រជែងបានយល់ដឹងអំពីចំណេះវិជ្ជា បច្ចេកវិទ្យាថ្មីៗ ទទួលបាននូវទិន្នន័យព័ត៌មានដែលមានសារសំខាន់ ដល់ការប្រមើលស្ថានការណ៍ ស្ទាបស្ទង់ដើម្បីងាយស្រួលសម្រេចចិត្តរៀនសូត្រអំពីកំហុសឆ្គង រៀនសូត្រអំពីការដួលរលំពីអតីតកាល ដើម្បីកែសម្រួលខ្លួនឲ្យរីកចម្រើនទៅរកភាពជោគជ័យ»។ លោក ស្តើង សុខុម បានគូសបញ្ជាក់។
សូមរម្លឹកថា កន្លងមកសាកលវិទ្យាល័យ CUS បានធ្វើកិច្ចសហប្រតិបត្តិការ និងបានចុះអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសសរុបចំនួន៥៣ មកពីប្រទេសកូរ៉េចំនួន១៥, ចិនចំនួន១១, ជប៉ុនចំនួន១, ថៃចំនួន៧, អង់គ្លេសចំនួន១, ហ្វីលីពីនចំនួន១២, បង់ក្លាដេស ចំនួន១, ម៉ាឡេស៊ីចំនួន១, ឥណ្ឌាចំនួន២, អាឡឺម៉ង់ចំនួន១, វៀតណាមចំនួន១ និងអ៊ីស្រាអែលចំនួន១ ព្រមទាំងបណ្តាប្រទេសនានាមួយចំនួនទៀត៕