(ភ្នំពេញ)៖ មន្ត្រីយោធាមួយរូប បើករថយន្តបុករនាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ កើតឡើងនៅម៉ោងជាង៨យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥អា ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សពមន្ត្រីយោធាមានឈ្មោះ ចេង ដារ៉ាឌី មានអាយុ៥០ឆ្នាំ មុខរបរជាយោធា នៅកងឯកភាពបញ្ជាការដ្ឋានកងទ័ពជើងទឹក មានស្រុកកំណើតស្ថិតនៅភូមិអូរស្លែង ឃុំដណាក់កន្តួត ស្រុកកំពង់ត្រាច ខេត្តកំពត និងមានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អ្នកដែលបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ISUZU D-MAX ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ 2A-8000 បើកបរដោយបុរសរងគ្រោះ ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ៥អា លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើ បានបើកវ៉ារថយន្តមួយគ្រឿងទៀត ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្ដាលឲ្យអ្នកបើកបរបានស្លាប់បាត់បង់ភ្លាមៗ យ៉ាងអាណោចអាធ័ម ចំណែកឯរថយន្តវិញរងការខូចខាតមួយកំណាត់មុខ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ។ ដោយឡែកសពត្រូវបានសមត្ថកិច្ច ធ្វើកោសល្យវិច្ឆ័យយរួចប្រគល់សព ទៅឲ្យសាច់ញាត្តិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕