(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តដឹកស្វាយទម្ងន់ជាង១៥តោនឡើងស្ពានព្រះមុនីវង្សមិនរួច ក៏រអិលថយក្រោយបុករះបង្កាន់ដៃស្ពាន បណ្ដាលឲ្យក្រឡាប់រថយន្តផ្ងារជើង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោងជាង២យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ប្រភពព័ត៌មានពីស្រី្តម្នាក់ ដែលជាម្ចាស់ស្វាយ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ និងអ្នកបើកបរម្នាក់បានដឹកស្វាយមួយឡានពេញ ដោយរថយន្តម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-2397 ដើម្បីយកទៅលក់នៅប្រទេសវៀតណាម។
លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើបានបើកឡើងស្ពានព្រះមុនីវង្ស ក្នុងល្បឿនលឿន លុះជិតដល់ពាក់កណ្ដាលស្ពាន ស្រាប់តែរថយន្តទៅមុខលែងរួច ហើយភ្លាមៗនោះគាត់បានរត់ចុះយកឈើទៅដាក់កង់រថយន្ត ដើម្បីកុំឲ្យរអិលថយក្រោយ តែដោយសាររថយន្តដឹកធ្ងន់ពេក ក៏រអិលថយក្រោយជ្រុលបុករះបង្កាន់ដៃស្ពានព្រះមុនីវង្ស បណ្ដាលឲ្យរងការខូចខាតអស់ចំនួន៤ផ្ទាំង ចំណែកឯរថយន្តវិញបានក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕