(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង និងលោក Hidehisa Horinouchi អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានជជែកគ្នាពាក់ព័ន្ធកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ស្តីពី «ពលករជំនាញ»។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការកែសម្រួលច្បាប់ថ្មីរបស់ជប៉ុន ដែលអនុញ្ញាតិឱ្យពលករខ្មែរអាចដាក់ពាក្យទទួលបានទិដ្ឋាការកាងារ (Working Visa) ដែលពីមុនពលករទទួលបានត្រឹមតែជាកម្មសិក្សាការីប៉ុណ្ណោះ។ ប្រព័ន្ធថ្មីនេះ នឹងផ្តល់ឱកាសដល់ពលករកម្រិតជំនាញ និងកម្រិតបច្ចេកទេស អាចចូលទៅបំពេញតម្រូវការកង្វះខាតកម្លាំងពលកម្ម ទៅប្រទេសជប៉ុនបន្ថែមទៀត។
ក្នុងជំនួបនេះដែរ លោក អ៉ិត សំហេង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសផ្តលឱកាសដល់កម្មសិក្សាការីកម្ពុជា ទៅហាត់ការនៅប្រទេសជប៉ុន ដែលមកដល់បច្ចុប្បន្ននេះ ប្រមាណជាង៩ពាន់នាក់។
ជាមួយគម្រោងដែលជប៉ុន នឹងដាក់ឱ្យដំណើការនៅប្រព័ន្ធថ្មី ក្នុងទទួលយកពលករពីប្រទេសនានា ទៅធ្វើការនៅជប៉ុន នាខែមេសា ឆ្នាំ២០១៩នេះ លោករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រោះថាជាឱកាសដ៏ល្អមួយ ដែលប្រទេសទាំងពីរនឹងទទួលបាន នូវផលប្រយោជន៍ទៅវិញទៅមក។ លោកថា ខាងជប៉ុននឹងទទួលបាននូវកម្លាំងពលករ ពីកម្ពុជាទៅបំពេញនូវតម្រូវការ ក្នុងវិស័យជាច្រើន ហើយកម្ពុជានឹងមានលទ្ធភាព ក្នុងការផ្តល់ឱកាសបន្ថែមទៅដល់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើសនូវការងាររបស់ខ្លួន តាមចំណង់ចំណូលចិត្តរបស់ពួកគេ ដើម្បីទទួលបាននូវការងារដែលមានប្រាក់ខែខ្ពស់ រួមទាំងចំណេះដឹងនិងវិជ្ជាជីវៈជូនដល់ពួកគាត់ ក្នុងការចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។
ភាគីទាំងពីរបានឯកភាពជំរុញឱ្យក្រុមការងារបច្ចេកទេស ពិនិត្យកែសម្រួលសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ (MOC) ឱ្យបានឆាប់ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។ តាមការគ្រោងទុក លោករដ្ឋមន្រ្តីនឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមពិធីចុះហត្ថលេខា អនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ (MOC) នៅទីក្រុងតូក្យួ ក្នុងកំឡុងសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០១៩៕