(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលមានសមាសភាពជិត៥ពាន់នាក់ ចូលរួមកិច្ចការងារសង្គមជាច្រើននោះ ត្រូវបានទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមុខបងប្អូនប្រជាពលរដ្ឋពីគុណតម្លៃក្នុងការចុះជួយព្យាបាលជំងឺ ក៏ដូចជាផ្តល់ថ្នាំសង្កូវមិនគិតថ្លៃដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ដាច់ស្រយ៉ាល ដែលមនុស្សធម៌មួយនេះត្រូវបានធ្វើឡើងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ទេសរដ្ឋមន្ត្រី ឆាយ ថន បញ្ជាក់ថា «ក្រុមគ្រូពេទ្យរបស់ ឯកឧត្តម លោក ហ៊ុន ម៉ានី នេះ និយាយរួមទៅត្រូវបានទទួលជំនឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋហើយ លោកមានគ្រូពេទ្យជំនាញៗ ហើយទន្ទឹមនឹងនោះទៀត មានថ្នាំពេទ្យគឺសបបែបសបយ៉ាង ហើយការព្យាបាលកន្លងក៏ទទួលបានលទ្ធផលល្អជាច្រើន គួរឲ្យសរសើរខ្លាំងណាស់»។
លោកទេសរដ្ឋមន្រ្តីបន្តថា បញ្ហាសុខភាពនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលកន្លងរដ្ឋាភិបាលកម្ពុជាមើលឃើញថាជាទិសដៅ និងជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលជាយុទ្ធសាស្ត្រ របស់គណបក្សប្រជាជនកម្ពុជាតែម្តង ដើម្បីធ្វើការខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អទៅតាមអ្វីដែលពួកគាតចង់បាន ហើយអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋនាពេលសព្វបច្ចុប្បន្ននេះ គឺបញ្ហាឈឺថ្កាត់នឹងតែម្តង ដូចដែលយើងមើលនៅតាមទីជបនទសព្វថ្ងៃនេះ គឺមានក្រុមគ្រូពេទ្យជំនាញៗគ្រប់គ្រាន់ហើយ ក៏ប៉ុន្តែក្រុមការងារមនុស្សធម៌បែបនេះ ដែលមានលោកគ្រូ អ្នកគ្រូពេទ្យដ៏ចំណានៗ លោកមកជួយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាព្យាបាលដល់ប្រជាពលរដ្ឋឲ្យកាន់តែមានសុខភាពល្អ។
ការថ្លែងរបស់ទេសរដ្ឋមន្ត្រី ឆាយ ថន បានធ្វើឡើងនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួន៣៦៩នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន៦,៦៥២នាក់ នៅសាលាបឋមសិក្សាអង្គព្រះស្រី ភូមិព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ។
ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការរូបនេះ បន្ថែមទៀតថា «ដើម្បីធ្វើប្រជាពលរដ្ឋរបស់យើងមានសុខភាពល្អ ចឹងហើយបានជាគណបក្សប្រជាជនកម្ពុជា ក្រោយពីខិតខំរកសន្តិភាពជូនប្រពលរដ្ឋហើយ សម្រាប់កិច្ចការទៅមុខទៀតនោះគឺ ខិតខំដំណើរការអភិវឌ្ឍន៍ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើង បានទទួលសុខសន្តិភាព បន្ថែមពីសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ចង់ឃើញពួកគាត់មានសុខភាពល្អ មាំមួនល្អថែមទៀត»។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្ខពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៧រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង, ឧត្តរមានជ័យ និងរាជធានីភ្នំពេញ។
ជាមួយគ្នានោះដែរ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទាំងអស់ត្រូវចេះតែរក្សាសុខភាពឲ្យបានត្រឹមត្រូវ ក៏ព្រោះតែអាកាសធាតុមួយរយៈចុងក្រោយនេះមានការប្រែប្រួលជាច្រើន វាអាចនឹងឲ្យប្រជាពលរដ្ឋងាយប្រឈមនឹងកើតជំងឺផ្សេងៗជាក់ជាមិនខាន ប្រសិនបើបងប្អូនប្រជាពលរដ្ឋមិនបានបង្ការទុកជាមុន។
ក្រៅពីនោះ លោក លេង ផាលី ក៏បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ គួរតែមានថ្នាំសង្កូវនៅជិតខ្លួនជានិច្ច ដែលជាការបង្ការខ្លួនបានយ៉ាងល្អនៅពេលដែលសាច់ញ្ញាតិ្តរបស់ខ្លួនមានជំងឺផ្សេងៗ ដែលត្រូវការថ្នាំ ដើម្បីព្យាបាលជាបន្ទាន់ ហើយការទុកដាក់ថ្នាំឲ្យបានត្រឹមត្រូវនេះ អាចនឹងសង្គ្រោះជីវិតអ្នកជំងឺបានយ៉ាងប្រសើរថែមទៀតផង។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្វាយ ឃុំព្រៃញាត្តិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោកយាយ សំ បួយ មានវ័យ៧២ឆ្នាំ មានជំងឺបេះដូង, ត្បៀតសសៃឈាមរួមនឹងការបត់ជើងម្តងៗ មានអាការៈក្រហល់ក្រហាយ ក្តៅក្នុងខ្លួន ថែមទាំងមានអាការៈក្រហាយក្រពះឧស្សាហ៍រាគរុស បានរៀបរាប់ទាំងទឹកចិត្តសប្បាយរីករាយនៅពេលដែលឃើញក្រុមការងារគ្រូពេទ្យស័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យព្យាបាលដល់រូបគាត់ រួមនឹងប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺទាំងអស់។
ជាមួយនឹងទឹកមុខសប្បាយរីករាយ លោកយាយ សំ បួយ បានថ្លែងរៀបរាប់នូវការអរគុណដល់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលបានដឹកនាំគ្រូពេទ្យជំនាញៗ មកព្យាបាលប្រជាពលរដ្ឋដូចជារូបគាត់ នៅជិតរបងផ្ទះរបស់គាត់ លោកយាយបានបញ្ជាក់ថា «ខ្ញុំសូមអរគុណគាត់ (លោក ហ៊ុន ម៉ានី) ដែលបានចែកថ្នាំមកនេះ ខ្ញុំអរគុណណាស់សូមឲ្យគាត់ទទួលបានសុខភាពល្អ ហើយនឹងដឹកនាំប្រជាជនបន្តទៀត ហើយសូមឲ្យគាត់អញ្ជើញមកម្តងទៀត ដើម្បីជួយព្យាបាលខ្ញុំ និងបងប្អូននៅទីនេះ»។
ប្រជាពលរដ្ឋម្នាក់ទៀតដែលរស់នៅក្នុងស្រុកគងពិសី លោក ហួត ហាន មាន៣៩ឆ្នាំ បានថ្លែងរៀបរាប់ជំងឺរបស់ខ្លួន រួមនឹងការថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជំនាញៗរបស់ លោក ហ៊ុន ម៉ានី ដែលបានចុះមកពិនិត្យដល់ជិតផ្ទះរបស់គាត់យ៉ាងដូច្នេះថា «ខ្ញុំមានជំងឺចុកចង្កេះ ហើយឧស្សាហ៍ចុកចាប់ពីចង្កេះរហូតដល់ក្រោមជើង។ សម្រាប់ការពិនិត្យដោយក្រុមគ្រូពេទ្យគឺខ្ញុំមិនអស់លុយទេ ហើយក៏សូមអរគុណដល់ គ្រូពេទ្យជាពិសេសលោក ហ៊ុន ម៉ានី ដែលបាននាំគ្រូពេទ្យមកព្យាបាលដល់ពួកខ្ញុំ»។
បើតាមរបាយការណ៍លទ្ធផលនៃការពិនិត្យ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នាឱកាសដែលចុះពិនិត្យ និងព្យាបាល នៅសាលាបឋមសិក្សាអង្គព្រះស្រី ភូមិព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបង្ហាញឲ្យដឹងថាជំងឺកុមារ២៧៦នាក់, ជំងឺស្រ្តី១៩២នាក់, ជំងឺផ្លូវចិត្ត៩៩នាក់, ជំងឺឫសដូងបាត១០២នាក់, ជំងឺសន្លាក់ឆ្អឹង៨៩នាក់, ជំងឺរលាកសួត៩១នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៧៦នាក់, ជំងឺភ្នែក៨៩នាក់, ជំងឺសើរស្បែក១០២នាក់, ជំងឺទឹកនោមផ្អែ១២៧នាក់, ជំងឺមាត់ធ្មេញ១២៨នាក់, អេកូសាស្ត្រ១០៣នាក់, ព្យាបាលរបួសនិងវះកាត់តូច៦៧ និងជំងឺទូទៅ៥,១១១នាក់ ។
សូមបញ្ជាក់ថា រយៈពេល៧៤ខែ (២០១២-២០១៩) នេះជាឆ្នាំទី៧ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៤,២៧៥នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៦៧លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបាន ចំនួន៣៩៤,៤៤៧នាក់ (សាមសិបប្រាំបួនម៉ឺន បួនពាន់បួនរយសែសិបប្រាំពីរនាក់)៕