(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាកពូល B នៃព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF U22 Championship 2019 ក្រោយយកឈ្នះក្រុមភ្ញៀវ U22 ម៉ាឡេស៊ីក្នុងលទ្ធផលបច្ចេកទេស ១-០។
ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នារាត្រីថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ក្រុមទាំងពីរបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ ក្នុងវគ្គទី១ មុនពេលម៉ាឡេស៊ីបានបាត់បង់សមាជិក ១រូបនៅនាទីទី៥៩ ពីការពិន័យកាតក្រហម និង៣នាទីបន្ទាប់ កម្ពុជាបាននាំមុខ ១គ្រាប់ពីការស៊ុតបាល់ពិន័យ Free kick របស់កីឡាករ ស៊ើត រ៉ស៊ីប រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។
៣ពិន្ទុដំបូងនេះដែរ បានជួយឲ្យ U22 កម្ពុជាឡើងទៅឈរនៅកំពូលតារាងនៃពូល B បណ្តោះអាសន្នផងដែរ ខណៈ U22 មីយ៉ាន់ម៉ា និង U22 ឥណ្ឌូនេស៊ី មាន១ពិន្ទុដូចគ្នា ក្រោយប្រកួតស្មើគ្នា ១-១ នារសៀលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈនេះ។
១ប្រកួតបន្ទាប់ U22 កម្ពុជា ត្រូវប៉ះ U22 មីយ៉ាន់ម៉ា នាម៉ោង ៦៖៣០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពេលក្រុមបាតតារាង U22 ម៉ាឡេស៊ី ជួប U22 ឥណ្ឌូនេស៊ី នាម៉ោង ៣៖៣០នាទីនៅពហុកីឡដ្ឋានជាតិតែមួយគត់៕