(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នាយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងមានការចូលរួមពីធុរកិច្ចជនចិន និងអ្នកវិនិយោគរបស់កម្ពុជា ជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក វ៉ាង វិនធាន បានជូនពរដល់ប្រជាជនចិន ដែលកំពុងតែរស់នៅប្រទេសកម្ពុជា និងប្រជាជនចិនទាំងអស់ សូមទទួលបានជោគជ័យថ្មី និងកាន់រីកចម្រើនក្នុងការប្រកបមុខរបរ ឬការងារផ្សេងៗ នាឱកាសចូលឆ្នាំថ្មីនេះ។
សូមជម្រាបថា បុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់ជនជាតិចិន ដែលតែងតែប្រារព្ធឡើងនៅ ពេលផ្លាស់ប្តូរពីប្រតិទិនចាស់ ចូលប្រតិទិនថ្មីរបស់ប្រទេសចិន។ គេអាចហៅបុណ្យចូលឆ្នាំនេះថា ជាពិធីបុណ្យនិទាឃរដូវ ឬបុណ្យនៃរដូវផ្ការីក «Spring Festival»។
ម្យ៉ាងវិញទៀត ដោយសារតែប្រតិទិនរបស់ប្រទេសចិន រាប់តាមដំណើរច័ន្ទគតិ នាំឲ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំនេះ សំដៅទៅលើបុណ្យព្រះខែ «Lunar New Year» ផងដែរ។ ពិធីនេះប្រារព្ធឡើងមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចុងក្រោយនៃឆ្នាំចាស់ រហូតដល់ថ្ងៃទី១៥ ខែទីមួយនៃឆ្នាំថ្មី ដែលថ្ងៃចុងក្រោយនេះ មនុស្សតែងតែធ្វើពិធីបង្ហោះគោម។
បុណ្យចូលឆ្នាំចិន មានអាយុកាលរាប់សតវត្សរ៍មកហើយ ព្រមទាំងមានសារៈសំខាន់យ៉ាងខ្លាំង។ ពិធីបុណ្យនេះធ្វើឡើង ដើម្បីសម្តែងការគោរពដល់ទេវតា និងជីដូនជីតាសាច់សារលោហិត។ វាត្រូវបានប្រារព្ធឡើងនៅក្នុងបណ្តាប្រទេស និងដែនដីមួយចំនួន ដែលសម្បូរជនជាតិចិនរស់នៅក្នុងនោះមានដូចជា ចិនដីគោក ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ថៃ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏ដូចជានៅ China Towns ដែលស្ថិតនៅក្នុងបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត នៅលើពិភពលោក។
ពិធីបុណ្យនេះ ត្រូវបានគេចាត់ទុកជាបុណ្យ ឈប់សម្រាកដ៏សំខាន់មួយសម្រាប់ជនជាតិចិន ព្រមទាំងបានជះឥទ្ធិពលមួយផ្នែក ទៅលើវប្បធម៌ នៃបណ្តាប្រទេសជិតខាងផងដែរ៕