(ភ្នំពេញ)៖ ដើម្បីជាការរំលឹកពីអតីតកាលដែលជាប្រវត្តិសាស្ត្រខ្មែរនោះ សាកលវិទ្យាល័យន័រតុន (Norton University) បានរៀបចំពិធី «ការសំដែងរឿងព្រេងនិទាន និងប្រវត្តិសាស្ត្រ» ដែលតម្រូវឲ្យនិស្សិតថ្នាក់ឆ្នាំមូលដ្ឋានរបស់សាកលវិទ្យាល័យន័រតុន ចូលរួមសម្តែងរឿងពេ្រងនិទាន និងប្រវតិ្តសាស្ត្រ ដែលក្រុមនិស្សិតទាំងអស់នោះ បានសិក្សាស្រាវជ្រាវអស់រយៈពេល១ ឆមាសមកហើយ។
ប្រធានបទ «ការសំដែងរឿងព្រេងនិទាន និងប្រវត្តិសាស្ត្រ» ត្រូវបានប្ររព្ធឡើងនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខណ្ឌជ្រោយចង្វាត នាសាកលវិទ្យាល័យន័រតុន ដែលមានការចូលរួមពី លោកសាស្ត្រាចារ្យ ចាន់ សុខឃាង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យន័រតុន និងមានការចូលរួមពីសាស្ត្រាចារ្យថ្នាក់ដឹកនាំ រួមនឹងនិស្សិតជាច្រើនរូបទៀតផងដែរ។
ថ្លែងនៅក្នុងពិធី «សំដែងរឿងព្រេងនិទាន និងប្រវត្តិសាស្ត្រ» លោកសាស្ត្រាចារ្យ សួន សុខកឿន ប្រធានប្រតិបត្តិថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃសាកលវិទ្យាល័យន័រតុន បានលើកឡើងថា «កម្មវិធីនាពេលនេះមិនមែនជាលើកទី១នោះទេ គឺសាកលវិទ្យាល័យន័រតុន តែតែងរៀបចំជារៀងរាល់ចុងឆមាសទី១ ហើយន័រតុនតែតែងរៀបចំកម្មវិធីបង្ហាញស្នាដៃរបស់និស្សិត។ ប្អូនៗប្រហែលជាចាំបានទេថា ថ្ងៃចូលរៀនដំបូងក្នុងនាមគ្រូផ្ទាល់ ប្រធានប្រតិបត្តិថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បានអំពាវនាវឲ្យប្អូនៗ បង្ហាញនូវសមត្ថភាព ឬក៏ចំណេះដឹង ឬចំណេះដែលប្អូនមានហ្នឹង ដើម្បីបង្ហាញឲ្យសាធារណៈជនបានដឹង»។
លោកបន្ថែមថា «និស្សិតសាកលវិទ្យាល័យន័រតុន ដែលបានខិតខំសិក្សារយៈពេល១ឆមាស ឆ្នាំសិក្សា២០១៩ នាពេលកន្លងមកនេះ គឺសិស្សានុសិស្សចាំផ្ដើមពីវិទ្យាល័យ។ ឥឡូវនេះ សិស្សានុសិស្ស បានប្រែខ្លួនទៅជានិស្សិតនៃសាកលវិទ្យាល័យន័រតុន ត្រឹមតែ១ឆមាស គឺនិស្សិតបានក្លាយទៅជាតារាសម្ដែង»។
សាស្ត្រាចារ្យ សួន សុខកឿន សង្ឃឹមថា ការសំដែងរឿងព្រេងនិទាន និងប្រវត្តិសាស្ត្រនេះ ជាចំណុចចាប់ផ្ដើមនៃសាកលវិទ្យាល័យន័រតុន បានបន្ដប្រពៃណីដ៏ល្អ ដើម្បីបញ្ជាក់ឲ្យឃើញថា កូនខ្មែរជំនាន់ក្រោយ ត្រូវតែមានអ្វីដើម្បីបង្ហាញឲ្យពិភពលោកបានឃើញថា «ខ្មែរមិនអន់ខ្សោយនោះទេ ខ្មែរអាចធ្វើបាន»។
សូមរំលឹកផងដែរថា និស្សិតសាកលវិទ្យាល័យន័រតុនបង្ហាញស្នាដៃរួមមាន៖ រឿងកុលាបប៉ៃលិន, រឿងប្រវត្តិ វត្តអរិយក្សត្រ, រឿងទឹកបាក់ទំនប់, រឿងទស់ជាតក «ព្រះមហាសថ», រឿងស្ថាបត្យកម្មឆ្លងភព, រឿងទន្លេបាទី, សម្ដែងគោះអង្រែ និងបង្ហាញម៉ូដ។
ជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យ ចាន់ សុខឃាង បានបញ្ជាក់ថា «សូមប្អូនៗទាំងអស់មានការតស៊ូ និងព្យាយាមដើម្បីអនាគតខ្លួនឯង។ ខ្ញុំជឿជាក់ថា ក្នុងរយៈពេល៣ទៅ៤ឆ្នាំយ៉ាងលឿន តែបើប្អូនៗមិនសន្សំនូវការព្យាយាមរបស់យើងទេ អនាគតយើងវាមានការលំបាកដែរទាំងអស់គ្នា។ កើតមកតែតែងគិតថា កើតមកចង់រៀនឲ្យចេះ ចង់រកលុយឲ្យបានច្រើន ដូច្នេះប្អូនៗត្រូវព្យាយាមសិក្សារៀនសូត្រឲ្យបានច្រើន»។
សូមជម្រាបថា សកលវិទ្យាល័យន័រតុន គឺជាសកលវិទ្យាល័យមួយត្រូវបានគេទទួលស្គាល់ផ្នែកសិក្សាអប់រំនៅកម្ពុជាទៅឲ្យបរទេសបានដឹងយ៉ាងច្បាស់ ហើយទាំងអស់នេះក៏បានលើកកម្ពស់មួយផ្នែកផងដែរ លើវិស័យអប់រំនៅកម្ពុជា៕